ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាកើនដល់ជាង ១១ពាន់លានដុល្លារ ខណៈសំបកកង់រថយន្តហក់ឡើងលើស ២ពាន់លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

យោងតាមទិន្នន័យស្ថិតិនាំចេញទំនិញកំពូលទាំង ២០ (Top 20) របស់កម្ពុជា ចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែសីហា ឆ្នាំ២០២៦ បានបង្ហាញឱ្យឃើញពីកំណើនយ៉ាងរឹងមាំនៃទំនិញនាំចេញជាប្រពៃណី ព្រមទាំងការកើនឡើងយ៉ាងគំហុកនៃទំនិញឧស្សាហកម្មកែច្នៃជំនាន់ថ្មីដែលកំពុងលូតលាស់ខ្លាំងនៅលើទីផ្សារអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្អែកលើរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលត្រូវបានផ្សាយបន្ដដោយក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងចំណោមទំនិញនាំចេញជាប្រពៃណី វិស័យកាត់ដេរនៅតែជាក្បាលម៉ាស៊ីនរុញច្រានការនាំចេញដ៏ធំបំផុត ដោយការនាំចេញសម្លៀកបំពាក់ទទួលបានកំណើនជាមធ្យម ១៥,២៥% ក្នុងមួយឆ្នាំ ពោលគឺកើនឡើងពីចំនួន ៧ ៨០៧ លានដុល្លារ រហូតដល់ ១១ ០៤១ លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ ការនាំចេញអង្ករក៏សម្រេចបានកំណើនជាមធ្យម ១២,៩៦% ក្នុងមួយឆ្នាំ ពីចំនួន ៤៤៥ លានដុល្លារ ដល់ ៦៤០ លានដុល្លារអាមេរិក។ ដោយឡែក ការនាំចេញស្រូវបានថយចុះជាមធ្យម ១១,៤៧% ក្នុងមួយឆ្នាំ (ពី ១ ០៨៧ លានដុល្លារ មកនៅត្រឹម ៥៩៤ លានដុល្លារ) ដែលឆ្លុះបញ្ចាំងពីការបង្កើនសមត្ថភាពកែច្នៃ និងកិនស្រូវក្នុងស្រុកឱ្យក្លាយជាអង្ករនាំចេញដែលមានតម្លៃបន្ថែមខ្ពស់។

អ្វីដែលជាចំណុចលេចធ្លោគួរឱ្យកត់សម្គាល់បំផុត គឺក្រុមទំនិញនាំចេញដែលកំពុងលូតលាស់យ៉ាងឆាប់រហ័ស ដោយក្នុងនោះ៖ សំបកកង់រថយន្ត សម្រេចបានកំណើន ជាមធ្យមរហូតដល់ ១០៤,០៥% ក្នុងមួយឆ្នាំ ដោយបានហក់ឡើងពី ២៥៨ លានដុល្លារ កើនឡើងដល់ជាង ២ ០០៨ លានដុល្លារអាមេរិក (កើនលើស ២ ពាន់លានដុល្លារ)។

ទន្ទឹមនឹងនោះ សម្ភារក្មេងលេង និងសម្ភារកីឡា ទទួលបានអត្រាកំណើនជាមធ្យម ៩៣,៨៥% ក្នុងមួយឆ្នាំ គឺកើនឡើងពី ១៤០ លានដុល្លារ រហូតដល់ ១ ០០៤ លានដុល្លារអាមេរិក (កើនលើស ១ ពាន់លានដុល្លារ)។

សូមជម្រាបជូនថា កំណើនទ្វេដងនៃផលិតផលសំបកកង់រថយន្ត និងសម្ភារក្មេងលេង និងកីឡានេះ បានសបញ្ជាក់យ៉ាងច្បាស់អំពីភាពជោគជ័យនៃគោលនយោបាយពិពិធកម្មសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញរោងចក្រឧស្សាហកម្មធុនធ្ងន់ និងផលិតកម្មកម្មន្តសាលមិនមែនកាត់ដេរ ធ្វើឱ្យមូលដ្ឋានផលិតកម្មនាំចេញរបស់កម្ពុជាកាន់តែសម្បូរបែប រឹងមាំ និងមានភាពធន់ខ្ពស់ចំពោះការប្រែប្រួលនៃសេដ្ឋកិច្ចសកលលោក៕