កម្ពុជាប្រកាសនៅវេទិកា អ.ស.ប. ពីការយកចិត្តទុកដាក់ខ្ពស់លើការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងសេចក្ដីថ្លែងការណ៍ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១ នៅទីក្រុងញូវយ៉ក ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បានក្លាយជាអាទិភាពដ៏សំខាន់បំផុតមួយរបស់ជាតិកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការវិវត្តនៃបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) និងនវានុវត្តន៍ឌីជីថល ផ្តល់នូវកាលានុវត្តភាពផង និងហានិភ័យផង ដែលការប្រើប្រាស់ខុសគោលដៅអាចបង្កើនវិសមភាព អសន្តិសុខ និងឧក្រិដ្ឋកម្មឆ្លងដែន។ ចំពោះមុខបញ្ហានេះ កម្ពុជាបានពង្រឹងក្របខ័ណ្ឌច្បាប់ និងស្ថាប័នរបស់ខ្លួន ព្រមទាំងបានបង្កើនប្រតិបត្តិការអនុវត្តច្បាប់យ៉ាងសកម្មប្រឆាំងនឹងទីតាំងឆបោក និងបណ្ដាញឧក្រិដ្ឋជននៅពីក្រោយ ដោយសម្រេចបានលទ្ធផលជាក់ស្តែងដែលមិនអាចប្រកែកបាន។

ទោះជាយ៉ាងណា ឯកឧត្ដមបានសង្កត់ធ្ងន់ថា គ្មានប្រទេសណាមួយអាចទទួលបានជោគជ័យក្នុងការដោះស្រាយបញ្ហានេះដោយឯកឯងបានឡើយ ដោយសារបណ្តាញឧក្រិដ្ឋជនបានធ្វើប្រតិបត្តិការឆ្លងកាត់ព្រំដែន ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ។

ក្នុងន័យនេះ កម្ពុជាទើបតែបានរៀបចំធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនូវ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដោយមានការសហការរៀបចំពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងអង្គការប៉ូលីសអន្តរជាតិ (INTERPOL) ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា។ សន្និសីទអន្តរជាតិនេះ បានអំពាវនាវឱ្យមានការសម្របសម្រួល និងសកម្មភាពរួមគ្នាទាំងនៅកម្រិតជាតិ តំបន់ និងសកលលោក ដើម្បីទប់ស្កាត់ និងលុបបំបាត់បទឧក្រិដ្ឋកម្មនេះឱ្យមានប្រសិទ្ធភាព៕