CDC កោតសសើរចំពោះអាជីវកម្មរោងចក្រផលិតស៊ីម៉ងត៍មួយនៅខេត្តកំពត លើកិច្ចការពារបរិស្ថាន

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញការកោតសរសើរចំពោះអាជីវកម្មរោងចក្រផលិតស៊ីម៉ងត៍មួយនៅខេត្តកំពត លើកិច្ចការពារបរិស្ថានប្រព័ន្ធអេកូឡូស៊ីមិនឱ្យប៉ះពាល់ដល់សហគមន៍ជុំវិញ។ ឯកឧត្តម ថ្លែងដូច្នេះ ក្នុងពេលទស្សនកិច្ចផ្ទាល់នៅរោងចក្រផលិតស៊ីម៉ងត៍ Kampot Cement ដែលជាទីតាំងផលិតកម្មស៊ីម៉ងត៍ធំជាងគេនៅកម្ពុជា នៅស្រុកបន្ទាយមាស និងស្រុកដងទង់ នៃខេត្តកំពត ថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ទស្សនកិច្ចនេះ ក្នុងគោលបំណងចុះពិនិត្យផ្ទាល់អំពីប្រតិបត្តិការនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងសង្វាក់ផលិតកម្ម ការអនុវត្តបច្ចេកវិទ្យាទំនើបក្នុងការត្រួតពិនិត្យគុណភាពស៊ីម៉ងត៍ឱ្យស្របតាមបទដ្ឋានអន្តរជាតិ ព្រមទាំងជួបសំណេះសំណាលជាមួយបុគ្គលិក កម្មករ និយោជិត និងតំណាងចែកចាយធំៗរបស់ក្រុមហ៊ុន។

ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមយ៉ាងសកម្ម និងការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនលើកិច្ចការកាត់បន្ថយកាបូន (Low Carbon) និងមេត្រីភាពបរិស្ថាន (Environmental Friendly)។ ការកោតសរសើរនេះស្តែងចេញដោយបានសង្កេតឃើញលើការអនុវត្តបច្ចេកទេស Semi-Open Cut Mining (អាជីវកម្មរ៉ែបែបពាក់កណ្តាលបើកចំហ) របស់រោងចក្រ Kampot Cement ដែលជាការធ្វើអាជីវកម្មរ៉ែបៃតង ដោយរក្សាកំពែងធម្មជាតិ និងគម្របព្រៃឈើនៅរង្វង់ក្រៅនៃភ្នំ ដើម្បីទប់ស្កាត់ធូលីដី សម្លេង និងរំញ័រ ព្រមទាំងការពារប្រព័ន្ធអេកូឡូស៊ីមិនឱ្យប៉ះពាល់ដល់សហគមន៍ជុំវិញ។

បន្ថែមពីនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏មានអត្ថន័យរបស់ក្រុមហ៊ុនក្នុងការកសាង និងអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិត និងការផ្ទេរចំណេះដឹង បច្ចេកទេសទំនើបៗដល់បុគ្គលិក-កម្មករនិយោជិតក្នុងស្រុក ឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យាឧស្សាហកម្មសម័យថ្មីជាដើម។

សូមជម្រាបដែរថា ក្រុមហ៊ុន Kampot Cement Co., Ltd. បានចាប់ផ្តើមបើកដំណើរការអាជីវកម្មរបស់ខ្លួនចាប់តាំងពីឆ្នាំ២០០៦។ រោងចក្រនេះ កំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារសំណង់ក្នុងស្រុក កាត់បន្ថយការនាំចូលពីបរទេស និងរុញច្រានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជាឱ្យកាន់តែរីកចម្រើនយ៉ាងឆាប់រហ័ស៕ អត្ថបទ៖ហ្សាលីន