ប្រទេសចិន បានប្រកាសថានឹងកាត់បន្ថយពន្ធលើទំនិញកសិកម្មរបស់សហរដ្ឋអាមេរិកជាច្រើនប្រភេទ រាប់ចាប់ពីពោត ស្រូវសាលី រហូតដល់សាច់ និងផលិតផលទឹកដោះគោ ប៉ុន្តែសណ្តែកសៀង ដែលជាមុខទំនិញនាំចូលធំបំផុត មិនត្រូវបានរាប់បញ្ចូលក្នុងបញ្ជីកាត់បន្ថយពន្ធ ដែលក្រសួងពាណិជ្ជកម្មចិនបានចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញានេះនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ទីផ្សារនានាបាននិងកំពុងរង់ចាំព័ត៌មានស្តីពីការកាត់បន្ថយពន្ធរបស់ចិនលើទំនិញកសិកម្មអាមេរិក បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន រវាងប្រធានាធិបតី ស៊ី ជីនពីង និងលោក ដូណាល់ ត្រាំ។
យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា បញ្ជីកាត់បន្ថយពន្ធនេះត្រូវបានគ្របដណ្តប់ទៅលើផលិតផលកសិកម្មជាច្រើនប្រភេទ ប៉ុន្តែក្នុងនោះ សម្រាប់សណ្តែកសៀងអាមេរិកនៅតែប្រឈមមុខនឹងពន្ធបន្ថែម ១០% ដដែល។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងជំនួបកាលពីពេលថ្មីៗនេះ ភាគីទាំងពីរបានយល់ព្រមបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មមួយ ដែលភារកិច្ចដំបូងគឺពិភាក្សាអំពីការកាត់បន្ថយពន្ធទៅវិញទៅមកលើផលិតផលដែលមានតម្លៃសរុបប្រមាណ ៣០ពាន់លានដុល្លារ ដើម្បីធានាឱ្យបាននូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលមានស្ថិរភាពរវាងប្រទេសមហាអំណាចទាំងពីរ៕

