យោងតាមរបាយការណ៍ថ្មីចុងក្រោយមួយបានឱ្យដឹងថា ហុងកុងមានមហាសេដ្ឋីចំនួន ១០៦ រូបនៅក្នុងឆ្នាំ២០២៥ ពោលគឺថយចុះអស់ ២ រូបបើធៀបនឹងឆ្នាំ២០២៤ ដោយសារតែវិស័យអចលនទ្រព្យទន់ខ្សោយ និងការទទួលបានផលប្រយោជន៍តិចតួចពីកំណើនទ្រព្យសម្បត្តិដែលជំរុញដោយបច្ចេកវិទ្យា AI ។

យោងតាមរបាយការណ៍ Billionaire Census 2026 ដែលចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវទ្រព្យសម្បត្តិ Altrata បានឱ្យដឹងថា ហុងកុងឈរនៅចំណាត់ថ្នាក់លេខ២ លើពិភពលោក បន្ទាប់ពីទីក្រុងញូវយ៉ក ដែលមានចំនួនមហាសេដ្ឋីសរុប ១៦៤ រូប។
ទន្ទឹមនឹងនេះ ទីក្រុងសានហ្វ្រាន់ស៊ីស្កូឈរនៅចំណាត់ថ្នាក់លេខ៣ មានមហាសេដ្ឋី ៩៩ រូប និងបន្ទាប់មកគឺទីក្រុងឡុងដ៍ សិង្ហបុរី និងឡូសអាន់ជឺឡេស។
ប៉ុន្តែទោះជាយ៉ាងណាហុងកុង គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងតែពីរប៉ុណ្ណោះ ដែលជាមជ្ឈមណ្ឌលមហាសេដ្ឋីធំបំផុតទាំង១៥ លើពិភពលោក ដែលបានកត់ត្រាអំពីការធ្លាក់ចុះនៃចំនួនមហាសេដ្ឋី រួមជាមួយទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
តែទោះបីជាមានការធ្លាក់ចុះនៃចំនួនមហាសេដ្ឋីក៏ដោយ ប៉ុន្តែទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីហុងកុង នៅតែបន្តកើនឡើងដល់ ៣១៩ពាន់លានដុល្លារ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Altrata បានបញ្ជាក់ថា ការធ្លាក់ចុះនេះគឺដោយសារតែភាពទន់ខ្សោយជាប់លាប់នៅក្នុងវិស័យអចលនទ្រព្យរបស់ហុងកុង និងការវិនិយោគតិចតួចនៅក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)៕

