អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បានប្រកាសអាសន្នពីគ្រោះមហន្តរាយរយៈពេល ៣០ថ្ងៃ នៅក្នុងរដ្ឋរបស់ខ្លួន ដើម្បីអនុវត្តវិធានការបន្ទាន់ក្នុងការគ្របគ្រងតម្លៃសាំងដែលកំពុងហក់ឡើងយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Texas Tribune។

ជុំវិញបទបញ្ជាប្រតិបត្តិ ដែលត្រូវបានប្រកាសដោយ លោក Abbott កាលពីថ្ងៃទី២៨ ខែកញ្ញា នេះនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលនៃរដ្ឋតិចសាស់បន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនលើការដឹកជញ្ជូនពាណិជ្ជកម្ម បង្កើនការផ្គត់ផ្គង់ និងទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ។ ស្ថានភាពអាសន្នគ្រោះមហន្តរាយទូទាំងរដ្ឋនេះ នឹងមានប្រសិទ្ធភាពរយៈពេល ៣០ថ្ងៃ ហើយអាចនឹងត្រូវពន្យារពេលបន្ថែមទៀតដោយគ្មានកាលកំណត់ផងដែរ។
យោងតាមអភិបាលរដ្ឋតិចសាស់ វិធានការនៅក្នុងបទបញ្ជានេះ នឹងកាត់បន្ថយចំណាយនៅតាមកសិដ្ឋាន ការដឹកជញ្ជូន និងតម្លៃលក់រាយនៅតាមហាងនានា។
លោក Abbott បានមានប្រសាសន៍ថា៖”វិស័យកសិកម្ម និងការដឹកជញ្ជូនទំនិញរបស់រដ្ឋតិចសាស់ អាស្រ័យលើប្រេងម៉ាស៊ូត។ តម្លៃលក់រាយដែលឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន គឺកំពុងគំរាមកំហែងដល់វិស័យទាំងពីរ និងបង្កើនចំណាយសម្រាប់គ្រប់គ្រួសារទាំងអស់នៅក្នុងរដ្ឋតិចសាស់”។
គួរជម្រាបជូនថា តម្លៃប្រេងម៉ាស៊ូតជាមធ្យមនៅក្នុងរដ្ឋតិចសាស់នាពេលបច្ចុប្បន្ន មានតម្លៃប្រមាណ ៥,៨៦ដុល្លារ ក្នុងមួយហ្គាឡុង ដែលកើនឡើងយ៉ាងខ្លាំងបើធៀបនឹង ៣,៣០ដុល្លារ ក្នុងមួយហ្គាឡុង កាលពីដើមខែកុម្ភៈ។ តម្លៃប្រេងម៉ាស៊ូតជាមធ្យមនៅអាមេរិកកាលពីសប្តាហ៍មុន បានកើនឡើងដល់ ៦,៥៣ដុល្លារ ក្នុងមួយហ្គាឡុង ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានតម្លៃត្រឹមតែ ៣,៦៩ដុល្លារ ក្នុងមួយហ្គាឡុងប៉ុណ្ណោះ៕

