ទីផ្សារបន្ទះឈីប Semiconductor របស់ប្រទេសម៉ាឡេស៊ី ត្រូវបានព្យាករថានឹងកើនឡើងដល់តម្លៃ ៤,៦ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០៣០ ដែលជំរុញដោយកំណើននៃវិស័យហ្វូតូនិក (Photonics)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bernama។

យោងតាមការស្រាវជ្រាវមួយដែលចេញផ្សាយ នៅថ្ងៃទី១០ ខែមីនា ដោយធនាគារវិនិយោគ Kenanga Bhd (Kenanga IB) បាននិយាយថា ការប្រើប្រាស់ហ្វូតូនិកកើនឡើងខ្លាំងក្នុងការទំនាក់ទំនងទិន្នន័យ ជាពិសេសនៅក្នុងបណ្តាញមជ្ឈមណ្ឌលទិន្នន័យ AI ។
មិនតែប៉ុណ្ណោះរបាយការណ៍ដដែលនេះ ជុំវិញការកើនឡើងនេះ បានធ្វើឲ្យក្រុមហ៊ុនបន្ទះឈីបកំពូលៗជាច្រើនរបស់ម៉ាឡេស៊ី អាចចូលរួមក្នុងការពង្រីកសមត្ថភាពរបស់ខ្លួន ជាពិសេសនៅកន្លែងដែលអតិថិជនត្រូវការ ដើម្បីធ្វើឲ្យមានប្រព័ន្ធគុណភាពរឹងមាំ វិន័យទិន្នផល ការតាមដាន និងការត្រួតពិនិត្យភាពជឿជាក់ ជាដើម។
ទន្ទឹមនឹងនេះ ដោយផ្អែកលើការព្យាករដោយ LightCounting ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារដែលមានជំនាញខាងទំនាក់ទំនងអុបទិក និងហ្វូតូនិក បានបង្ហាញថា ចំណែករបស់ក្រុមហ៊ុនផលិតបន្ទះឈីប នៅក្នុងទីផ្សារម៉ាឡេស៊ី អាចកើនឡើងពីប្រហែល ១,៧ពាន់លានដុល្លារ នៅឆ្នាំ២០២៥ ឬអាចឈានដល់ ៤,៦ពាន់លានដុល្លារនៅឆ្នាំ២០៣០ ដែលតំណាងឲ្យអត្រាកំណើនប្រចាំឆ្នាំប្រហែល ២២%៕

