លោក Mackenzie Scott ត្រូវបានគេរាយការណ៍ថាបានបរិច្ចាគទឹកប្រាក់រហូតដល់ទៅ ២៦,៣ពាន់លានដុល្លារ ដល់អង្គការសប្បុរសធម៌ជាច្រើន ចាប់តាំងពីបានលែងលះជាមួយស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ក្នុងឆ្នាំ២០១៩ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

នៅក្នុងការបង្ហោះសារមួយលើបណ្តាសង្គមកាលពីដើមខែនេះ លោកស្រី Scott ដែលជាអតីតភរិយារបស់លោក Bezos បានប្រកាសថានៅដើមឆ្នាំនេះ លោកស្រី បានបរិច្ឆាគទឹកប្រាក់ចំនួន ៧,១៧ពាន់លានដុល្លារ ដល់អង្គការចំនួន២២៥។ ដែលចំនួននេះ ធ្វើឲ្យការបរិច្ចាគសរុបរបស់លោកស្រី គិតចាប់តាំងពីឆ្នាំ២០១៩ មក កើនឡើងដល់ ២៦,៣ពាន់លានដុល្លារ។
យ៉ាងណាមិញ ចំពោះការបរិច្ចាគនេះ ត្រូវបានចែកចាយទៅអង្គការមិនស្វែងរកប្រាក់ចំណេញជាច្រើន រួមទាំងមហាវិទ្យាល័យ និងសាកលវិទ្យាល័យជាច្រើនសម្រាប់មនុស្សស្បែកខ្មៅ និងអង្គការដែលផ្តោតលើការដោះស្រាយបញ្ហាដូចជាភាពក្រីក្រ អយុត្តិធម៌សង្គម និងការប្រែប្រួលអាកាសធាតុ ជាដើម។
មិនតែប៉ុណ្ណោះ លោកស្រី Scott បានសរសេរនៅលើទំព័រផ្ទាល់ខ្លួនទៀតថា៖ “ចំនួនទឹកប្រាក់នេះទំនងជាត្រូវបានលើកឡើងនៅក្នុងព័ត៌មាន។ ប៉ុន្តែមិនថាវាមានចំនួនប៉ុន្មានទេ វាគ្រាន់តែជាផ្នែកតូចមួយនៃទង្វើនៃការយកចិត្តទុកដាក់ និងការចែករំលែករវាងមនុស្សប៉ុណ្ណោះ”។
ជម្រាបជូនថា យោងតាមទស្សនាវដ្តី Forbes លោកស្រី Scott គឺជាអ្នកបរិច្ចាគជូនដល់អង្គការសប្បុរសធម៌ច្រើនបំផុតលើពិភពលោក បន្ទាប់ពីលោក Warren Buffett និង Bill Gates។ បច្ចុប្បន្នទស្សនាវដ្តីនេះប៉ាន់ប្រមាណថាទ្រព្យសម្បត្តិសុទ្ធរបស់លោកស្រី មានចំនួនប្រមាណ ២៩,៩ពាន់លានដុល្លារ។ លោកស្រី បានក្លាយជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីដែលមានជាងគេបំផុតនៅលើពិភពលោកបន្ទាប់ពីលែងលះជាមួយស្ថាបនិក Amazon លោក Jeff Bezos ក្នុងឆ្នាំ២០១៩ និងទទួលបានភាគហ៊ុន ៤% នៅក្នុងក្រុមហ៊ុន៕

