កងកម្លាំងអវកាសសហរដ្ឋអាមេរិក (USSF) បានផ្តល់កិច្ចសន្យាមានតម្លៃ ២,២៩ពាន់លានដុល្លារដល់ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីមានដាច់គេ Elon Musk ដើម្បីសាងសង់បណ្តាញទំនាក់ទំនងផ្កាយរណបល្បឿនលឿន និងមានសុវត្ថិភាព សម្រាប់ភ្ជាប់ឧបករណ៍ចាប់សញ្ញាយោធា និងប្រព័ន្ធអាវុធទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញកិច្ចសន្យាដែលបានផ្តល់ជូននេះ ក្រុមហ៊ុន SpaceX នឹងចូលរួមអភិវឌ្ឍទៅលើប្រព័ន្ធស្នូលនៃបណ្តាញទិន្នន័យអវកាស (SDN) ដែលជាគម្រោងបណ្តាញមួយដែលអាចបត់បែនបាន ដើម្បីផ្តល់នូវការដឹកជញ្ជូនទិន្នន័យដែលមានសមត្ថភាពខ្ពស់ និងល្បឿនលឿនសម្រាប់យោធា។
ក្នុងចំណោមតួនាទីផ្សេងទៀត ប្រព័ន្ធ SDN ក៏នឹងផ្តល់ផ្លូវទំនាក់ទំនងសម្រាប់ការរួមបញ្ចូល និងផ្លាស់ទីទិន្នន័យពីឧបករណ៍ចាប់សញ្ញាព្រមាន និងតាមដានមីស៊ីលទៅកាន់ឧបករណ៍ស្ទាក់ចាប់ ក្នុងពេលជាក់ស្តែង ខណៈពេលដែលសមត្ថភាពទាំងនេះ ត្រូវបានគេមើលឃើញថាជាមូលដ្ឋានគ្រឹះនៃគំនិតផ្តួចផ្តើមប្រព័ន្ធស្ទាក់ចាប់មីស៊ីល Golden Dome របស់រដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ ផងដែរ។
មិនតែប៉ុណ្ណោះ បើយោងតាមកងកម្លាំងអវកាសអាមេរិក បាននិយាយថា ខ្លួនមានគម្រោងផ្តល់ជូនកិច្ចសន្យាទៅកាន់ក្រុមហ៊ុនបន្ថែម សម្រាប់ការសាងសង់ផ្កាយរណប និងធាតុបណ្តាញផ្សេងទៀត ដើម្បីចូលរួមអភិវឌ្ឍបច្ចេកវិទ្យាកាន់តែទំនើបនៅក្នុងវិស័យយោធារបស់សហរដ្ឋអាមេរិក៕

