ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសលុបចោលផែនការវាយប្រហារតាមផ្លូវអាកាសលើប្រទេសអ៊ីរ៉ង់ ដោយលើកឡើងពីវឌ្ឍនភាពនៃការចរចា ហើយបានអះអាងទៀតថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ កំពុងខិតជិតចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social របស់ខ្លួននៅថ្ងៃទី១១ មិថុនាថា ៖” ដោយផ្អែកលើការពិតដែលថាការពិភាក្សាត្រូវបានបង្ហាញ និងអនុម័តដោយថ្នាក់ដឹកនាំអ៊ីរ៉ង់ យើងបានសម្រេចចិត្តថានឹងផ្អាកផែនការវាយប្រហារតាមផ្លូវអាកាសលើអ៊ីរ៉ង់វិញ”។
យោងតាមលោក ត្រាំ ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនោះត្រូវបានអនុម័តដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ រួមទាំងអ៊ីស្រាអែលផងដែរ។
មិនតែប៉ុណ្ណោះ នៅក្នុងអំឡុងពេលព្រឹត្តិការណ៍មួយផ្សេងទៀតនៅសេតវិមាន ក្នុងថ្ងៃដដែលនោះ លោក ត្រាំ ត្រូវបានអ្នកសារព័ត៌មានសួរនាំថា តើមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានទទួលយកសំណើសន្តិភាពជាមួយសហរដ្ឋអាមេរិកឬអត់ ខណៈមេដឹកនាំអាមេរិករូបនេះ បានឆ្លើយតបថា ពួកគេកំពុងទទូួលយកវាហើយ។
តែទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់បានឆ្លើយតបវិញថា ខ្លួនមិនទាន់ឈានដល់ការសន្និដ្ឋានចុងក្រោយលើកិច្ចព្រមព្រៀងនេះនៅឡើយទេ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយថា អត្ថបទចរចាភាគច្រើនត្រូវបានបញ្ចប់ ប៉ុន្តែទីក្រុងតេអេរ៉ង់ នឹងមិនសម្របសម្រួលលើបញ្ហា ដែលអាមេរិកដើរលើបន្ទាត់ក្រហមរបស់ខ្លួននោះឡើយ។
គួរជម្រាបជូនផងដែរថា លោក ត្រាំ ពីមុនបានថ្លែងថា សហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំជាថ្មី ប្រឆាំងនឹងអ៊ីរ៉ង់ ហើយក៏បានលើកឡើងពីលទ្ធភាពនៃការដណ្តើមយកកោះ Kharg និងរោងចក្រប្រេង និងឧស្ម័នរបស់អ៊ីរ៉ង់ នាពេលអនាគតដ៏ខ្លីខាងមុខនេះផងដែរ៕

