លោក ត្រាំ ចេញមុខច្រានចោលព័ត៌មានដែលថា លោកបានស្នើសុំលក់អាវុធឲ្យចិន

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខបដិសេធថា លោកមិនដែលបានសួរប្រធានាធិបតី លោក ស៊ី ជិនពីង តើប្រទេសចិនចង់ទិញអាវុធអាមេរិកដែរឬអត់នោះទេ បន្ទាប់ពីឯកអគ្គរដ្ឋទូតរបស់លោកផ្ទាល់បានបង្ហើបអំពីរឿងទាំងអស់នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាន នៅក្នុងការិយាល័យ Oval នៅឯសេតវិមាន កាលពីថ្ងៃទី២៨ ខែកញ្ញា នៅពេលត្រូវបានគេសួរអំពីការលើកឡើងរបស់លោក David Perdue ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិនកាលពីពេលថ្មីៗនេះថា៖” ខ្ញូំមិនដែលបានឮរឿងទាំងហ្នឹងទេ ខ្ញុំត្រូវតែសួរទៅកាន់គាត់សិន”។

ប្រធានាធិបតីអាមេរិករូបនេះ បានបន្តទៀតថា ៖” មែនទេទៅលោក ស៊ី ប្រហែលជាចង់ទិញអាវុធពីយើងដែរ ព្រោះយើងផលិតគ្រឿងបរិក្ខារទាំងនេះបានល្អជាគាត់ ដូច្នេះវាអាចជាគំនិតដ៏ល្អមួយ។ ប៉ុន្តែយ៉ាងណាក៏ដោយយើងមិនទាន់បានពិភាក្សាអំពីរឿងហ្នឹងនៅឡើយទេ”។

យ៉ាងណាមិញ ជុំវិញការលើកឡើងនេះ បានកើតឡើង បន្ទាប់ពីឯកអគ្គរដ្ឋទូត លោក Perdue បានប្រាប់ទូរទស្សន៍ Fox News កាលពីថ្ងៃទី២៧ ខែកញ្ញា ថា ប្រធានាធិបតី ត្រាំ បានធ្វើការស្នើសុំដ៏ភ្ញាក់ផ្អើលមួយក្នុងការលក់អាវុធទៅឲ្យទីក្រុងប៉េកាំង នៅពេលដែលប្រធានាធិបតីចិន លោក ស៊ី បានមកទស្សនកិច្ចនៅអាមេរិកកាលពីសប្តាហ៍មុន។

ជម្រាបជូនថា សេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋទូតរូបនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដោយសារតែច្បាប់មួយដែលអនុម័តដោយសភាអាមេរិកក្នុងឆ្នាំ១៩៩០ បានហាមឃាត់ទាំងស្រុងមិនឲ្យប្រទេសនេះលក់អាវុធទៅឲ្យចិនឡើយ។ ច្បាប់នេះបានកំណត់ថា ប្រធានាធិបតីអាមេរិកមានអំណាចក្នុងការព្យួរ ឬលើកលែងការហាមឃាត់ ប្រសិនបើលោកកំណត់ថាវាបម្រើដល់ផលប្រយោជន៍សន្តិសុខជាតិ៕​