រដ្ឋ ជំរុញសេចក្ដីព្រាងអនុក្រឹត្យស្ដីពីអាជ្ញាបណ្ណទឹក ដើម្បីធានាដល់ការបែងចែកឱ្យមានប្រសិទ្ធភាព

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល តាមរយៈក្រសួងធនធានទឹក និងឧតុនិយម​ បានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់លើខ្លឹមសារនៃសេចក្ដីព្រាងអនុក្រឹត្យស្ដីពីអាជ្ញាបណ្ណទឹក សំដៅឈានទៅសម្រួលដល់អ្នកប្រើប្រាស់ទឹក និងធនធានទឹក ដែលជាម្ចាស់អាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ បានធ្វើឡើងកាលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ដឹកនាំដោយលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅសាលប្រជុំនៃទីស្ដីការក្រសួង។

ថ្លែងក្នុងកិច្ចប្រជុំ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក បានមានប្រសាសន៍ឱ្យដឹងថា អនុក្រឹត្យនេះជាឧបករណ៍គតិយុត្តមួយសម្រាប់អនុវត្តច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៧ ក៏ដូចជាក្រមបរិស្ថាននិងធនធានធម្មជាតិឆ្នាំ២០០៣ ហើយដែលបទប្បញ្ញត្តិនៃច្បាប់បានចែងយ៉ាងច្បាស់អំពីសកម្មភាពនៃការប្រើប្រាស់ទឹក និងធនធានទឹក ត្រូវស្នើសុំអាជ្ញាបណ្ណទឹក ឬលិខិតអនុញ្ញាត។

លោករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា អនុក្រឹត្យនេះនឹងជួយសម្រួលដល់អ្នកប្រើប្រាស់ទឹក និងធនធានទឹក ដែលជាម្ចាស់អាជីវកម្ម រោងចក្រ សហគ្រាស ក្នុងវិស័យកសិកម្ម ឬឧស្សាហកម្ម ក្នុងការទទួលបានទម្រង់បែបបទសម្រាប់ការស្នើសុំ ការផ្តល់ ការផ្ទេរ ការព្យួរទុក ការពន្យាពេល ការកែប្រែ និងការលុបចោលអាជ្ញាបណ្ណទឹក និងលិខិតអនុញ្ញាត ព្រមទាំងជួយដល់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការក្តាប់បាននូវទិន្នន័យនៃការប្រើប្រាស់ទឹក និងធនធានទឹក ដើម្បីងាយស្រួលក្នុងការរៀបចំផែនការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាពផងដែរ។

សូមបញ្ជាក់ថា ខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យនេះចែកចេញជា ១០ជំពូក ៤៣ មាត្រា ដែលមានកំណត់អំពីលក្ខខណ្ឌ ទម្រង់បែបបទ និងនីតិវិធីនៃការផ្ដល់សិទ្ធិក្នុងការប្រើប្រាស់ទឹក ធនធានទឹក និងសកម្មភាពនានាពាក់ព័ន្ធនឹងធនធានទឹក ក្នុងគោលដៅធ្វើអាជីវកម្ម ដើម្បីធានាដល់ការបែងចែក ការគ្រប់គ្រង និងការអភិរក្សធនធានទឹក ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន៕ អត្ថបទ៖ហ្សាលីន