ថៃ អាចរងការខាតបង់សេដ្ឋកិច្ចដល់ជាង ៣២០លានដុល្លារ ដោយសារគ្រោះទឹកជំនន់

អន្តរជាតិ

ប្រជាពលរដ្ឋរាប់ពាន់នាក់បានជម្លៀសខ្លួនទៅកាន់មជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្នក្នុងរាជធានីបាងកកនៃប្រទេសថៃ កាលពីថ្ងៃទី២៨ ខែកញ្ញា ខណៈតំបន់មួយចំនួននៅតែបន្តលិចលង់បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងកំហុគកាលពីចុងសប្តាហ៍មុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រសួងមហាផ្ទៃបានឱ្យដឹងថា ទីក្រុងបាងកកស្ថិតក្នុងចំណោមខេត្តទាំង ៤១ នៅទូទាំងប្រទេសថៃ ដែលរងការវាយប្រហារដោយទឹកជំនន់ចាប់តាំងពីថ្ងៃទី១៦ ខែកញ្ញា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨ នាក់ និងប៉ះពាល់ដល់ផ្ទះសម្បែងជាង ៥៨០ ០០០ខ្នង។

ទន្ទឹមនឹងនេះ លោក Aat Pisanwanich មកពីដេប៉ាតឺម៉ង់សេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Rangsit University បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា គ្រោះទឹកជំនន់នេះអាចបង្កការខូចខាតសេដ្ឋកិច្ចយ៉ាងហោចណាស់ ១១ពាន់លានបាត (ប្រហែល ៣២៧លានដុល្លារអាមេរិក) នៅទូទាំងប្រទេស ហើយការខាតបង់ទំនងជាអាចកើនឡើងបន្ថែមទៀត ប្រសិនបើស្ថានការណ៍មិនបានល្អប្រសើរឡើងវិញទេនោះ។

លោកបានបន្តថា៖ “ទឹកជំនន់នេះត្រូវបានគេរំពឹងថានឹងកាត់បន្ថយកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំ នៅឆ្នាំនេះចំនួន ០,៣% ដោយកាត់បន្ថយកំណើនមកត្រឹម ២,១% និងកាត់បន្ថយកំណើនក្នុងត្រីមាសទីបីប្រហែល ០,៥ ភាគរយ មកត្រឹម ១,៧%”។

មិនតែប៉ុណ្ណោះ លោក Aat Pisanwanich បានបន្ថែមទៀតថា ទីក្រុងបាងកក និងតំបន់ភាគខាងកើតទំនងជារងផលប៉ះពាល់ខ្លាំងជាងគេ ជាពិសេសអាជីវកម្មលក់ដុំ និងលក់រាយ ខណៈពេលដែលវិស័យឧស្សាហកម្ម និងកសិកម្មនៅតំបន់ផ្សេងទៀតនឹងរងការខាតបង់ខ្លាំងផងដែរ៕​