តម្លៃប្រេងឆៅសកលបានកើនឡើងបន្ថែមទៀត គិតនៅត្រឹមថ្ងៃទី១៤ ខែសីហា បន្ទាប់ពីសហរដ្ឋអាមេរិកគំរាមកំហែងបិទផ្លូវទឹកដោយគ្មានកំណត់លើអ៊ីរ៉ង់ ដែលធ្វើឲ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេងឆៅឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ៩០សេន ឬ ១,០៣% ដល់ ៨៧,៩៧ ដុល្លារក្នុងមួយបារ៉ែល ខណៈពេលដែលប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានកើនឡើង ៩១សេន ដល់ ៨២,១៦ដុល្លារក្នុងមួយបារ៉ែល។
ជុំវិញការឡើងថ្លៃរបស់ប្រេងឆៅស្តង់ដារទាំងនេះ បានកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានព្រមាននៅថ្ងៃទី១៣ សីហាថា ខ្លួនអាចរក្សាការបិទផ្លូវទឹកអ៊ីរ៉ង់ដោយគ្មានកំណត់ និងបង្កើនសម្ពាធសេដ្ឋកិច្ចលើទីក្រុងតេអេរ៉ង់ ខណៈពេលដែលការចរចាបទឈប់បាញ់បានជាប់គាំងនៅមួយកន្លែង។
គួរជម្រាបជូនផងដែរថា ការគំរាមកំហែងចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក បានកើតឡើងនៅពេលដែលអ៊ីរ៉ង់បានទប់ស្កាត់លំហូនាវាឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដែលដឹកប្រេង ២០% នៃប្រេងសរុបរបស់ពិភពលោកមុនពេលមានជម្លោះ ដែលជំរុញឱ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃ និងដាក់សម្ពាធលើប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យបញ្ចប់សង្គ្រាម៕

