សម្តេច ស ខេង ហៅអភិបាលរាជធានី/ខេត្ត មកប្រជុំដាក់ផែនការបង្រ្កាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែសីហានេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារអនុវត្តផែនការប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ មានការចូលរួមពីមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អភិបាលខេត្ត និងមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល៦ខែឆ្នាំ២០២២នេះ អត្រាជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទបានបន្តធ្លាក់ចុះមកត្រឹម៧៤ករណី ពោលគឺថយចុះចំនួន១២៤ករណីបើធៀបនឹងឆ្នាំ២០២១កន្លងទៅ។

ក្នុងនោះ អាជ្ញាធរ​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ​សាលាដំបូង​ចំនួន​៨៣​នាក់ អនីតិជន​៧​នាក់ ហើយជនសង្ស័យ​ជា​ជនបរទេស​មានចំនួន​១២​នាក់ ដែល​មាន ៤​សញ្ជាតិ​។ បន្ថែមពីនេះ សមត្ថកិច្ច​ក៏​បាន​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ចំនួន ១៥៦​នាក់ ក្នុង​នោះ ក្មេងស្រី​អាយុ​ក្រោម​១៥​ឆ្នាំ មាន​ចំនួន ៦០​នាក់៕