តើសម្តេចធិបតី ហ៊ុន ម៉ាណែត ពិភាក្សារឿងរ៉ាវអ្វីខ្លះជាមួយលោក ជូអុក លី?

សង្គម​និង​សេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យលោក ជូអុក លី (Joo-Ok Lee) ប្រធានកម្មវិធីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនៃជំនួបនេះ លោក ជូអុក លី បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិកនៃ World Economic Forum (WEF) ជូនចំពោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយបានបញ្ជាក់ផងដែរថា លោកតែងបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ហើយតែងបានលើកឡើងអំពីសក្តានុពលរបស់កម្ពុជានៅក្នុងកិច្ចប្រជុំជាមួយបណ្តាប្រទេសនានាលើសកលលោក។

ជាមួយគ្នានេះ លោក ជូអុក លី បានជម្រាបជូនសម្តេចធិបតីអំពីកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ ដែលនឹងគ្រោងរៀបចំនៅទីក្រុង Davos ប្រទេសស្វីស ក្រោមប្រធានបទ «ការកសាងទំនុកចិត្តទ្បើងវិញ» ដោយបែងចែងជា ៤ សសរស្តម្ភ រួមមាន៖ (១) ការរក្សាសនិ្តសុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងពិភពលោកដែលបាក់បែក (២) ការអភិវឌ្ឍរីកចម្រើន និងការបង្កើតការងារសម្រាប់យុគសម័យថ្មី (៣) ការប្រើប្រាស់បញ្ញាសិប្បនិមិត្ត ជាកម្លាំងជំរុញសេដ្ឋកិច្ច និងសង្គម និង (៤) ការដាក់ចេញនូវយុទ្ធសាស្រ្តរយៈពេលវែងសម្រាប់អាកាសធាតុ ធម្មជាតិ និងថាមពល ដោយនឹងមានការចូលរួមយ៉ាងច្រើនកុះកររបស់ស្ថាប័នជាងពីរពាន់ មកពីទូទាំងពិភពលោក។

ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ World Economic Forum ដែលជាវេទិកាមួយដ៏សកម្មសម្រាប់កិច្ចទំនាក់ទំនងទាំងក្នុងកម្រិតរដ្ឋាភិបាល និងវិស័យឯកជន តាមរយៈការដាក់បង្ហាញនូវគោលនយោបាយ និងគំនិតផ្តួចផ្តើមថ្មីៗរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យធុរកិច្ច និងវិនិយោគ ជាដើម ។ ក្នុងន័យនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានគូសបញ្ជាក់អំពីការបន្តគាំទ្រចំពោះកិច្ចប្រជុំនានារបស់ WEF ដូចរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិមុនៗផងដែរ។

សូមជម្រាបជូនថា ក្នុងឪកាសជំនួបនោះ លោក ជូអុក លី បានអញ្ជើញសម្តេចធិបតីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស ក្នុងខែមករា ឆ្នាំ២០២៤ ខាងមុខនេះ៕