រុស្ស៊ី បន្តរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនលក់រាយខ្នាតយក្សអាល្លឺម៉ង់ Metro

អន្តរជាតិ

ប្រទេសរុស្ស៊ី បានប្រកាសរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Metro ដែលជាក្រុមហ៊ុនលក់រាយអាហារដ៏ធំបំផុតមួយរបស់អាឡឺម៉ង់ ខណៈពេលដែលតានតឹងរវាងប្រទេសទាំងពីរកាន់តែស្មុគស្មាញឡើង ជុំវិញជម្លោះនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២៨ ខែកញ្ញា រុស្ស៊ីបានប្រកាសពីអនុក្រឹត្យមួយដែលចុះហត្ថលេខាដោយប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ដោយថ្លែងថា ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនលក់រាយអាហារអាឡឺម៉ង់ Metro Cash & Carry ត្រូវបានរឹបអូស។ ប្រតិបត្តិការទាំងអស់របស់ក្រុមហ៊ុននេះនៅរុស្ស៊ី នឹងត្រូវបានដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងបណ្តោះអាសន្នរបស់ក្រុមហ៊ុនអង់គ្លេស Torg RUS វិញ។

យ៉ាងណាក៏ដោយ អនុក្រឹត្យនេះ ហាក់មិនបានបញ្ជាក់ពីហេតុផលនៃការសម្រេចចិត្តរឹបអូសទ្រព្យសម្បត្តិរបស់ Metro នោះទេ។ យោងតាមសារព័ត៌មាន The Moscow Times បានរាយការណ៍ថា UK Torg RUS គឺជាក្រុមហ៊ុនដែលទើបតែចុះបញ្ជីបង្កើតឡើងនៅក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំនេះប៉ុណ្ណោះ។ លោក Johannes Tholey ដែលជានាយកប្រតិបត្តិរបស់ Metro នៅរុស្ស៊ី ក៏ជានាយកប្រតិបត្តិនៃក្រុមហ៊ុន UK Torg RUS នេះផងដែរ។

ជុំវិញបញ្ហានេះ ក្រុមហ៊ុន Metro បានបញ្ជាក់ថា ខ្លួនលែងមានសិទ្ធិគ្រប់គ្រងលើបុត្រសម្ព័ន្ធរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីទៀតហើយ ហើយកំពុងវាយតម្លៃពីផលប៉ះពាល់នៃការសម្រេចចិត្តរបស់វិមានក្រឹមឡាំងក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួនមួយនេះ។

គួរជម្រាបជូនថា ក្រុមហ៊ុន Metro បានចាប់ផ្តើមប្រតិបត្តិការដំបូងនៅក្នុងប្រទេសរុស្ស៊ីក្នុងឆ្នាំ២០០១ ហើយបច្ចុប្បន្នមានហាងលក់រាយសរុបចំនួន ៩១ និងបុគ្គលិកចំនួន ៩ ០០០ នាក់។ បុត្រសម្ព័ន្ធរបស់ Metro នៅរុស្ស៊ីបានថ្លែងថា អាជីវកម្មនៅក្នុងប្រទេសនេះនៅតែបន្តដំណើរការជាធម្មតា ហើយពួកគេកំពុងបំពេញកាតព្វកិច្ចទាំងអស់ចំពោះអតិថិជន៕​