មេធំក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស Nvidia និង AMD ចូលរួមក្នុងក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យកំពូលនៅអាស៊ី

អន្តរជាតិ

លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស Nvidia និងអ្នកស្រី Lisa Su ប្រធានក្រុមហ៊ុន AMD កាលពីពេលថ្មីៗនេះបានចូលរួមជាសមាជិកក្រុមប្រឹក្សាភិបាលនៅសាកលវិទ្យាល័យ Tsinghua នៃប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មានចិន The Paper ដោយផ្អែកលើគណនី WeChat ផ្លូវការរបស់សាលាបានបង្ហាញឲ្យដឹងថាលោក Huang និងអ្នកស្រី Su ស្ថិតនៅក្នុងចំណោមសមាជិកថ្មីទាំងបីរូបនៃក្រុមប្រឹក្សាភិបាលនៃសាលាសេដ្ឋកិច្ច និងគ្រប់គ្រងនៃសាកលវិទ្យាល័យ Tsinghua រួមជាមួយនឹងលោក Marc Pictet ដែលជាដៃគូគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ និងប្រាក់វិនិយោគរបស់ស្វីស Pictet Group ផងដែរ។

ជុំវិញការតែងតាំងនេះបានធ្វើឱ្យថ្នាក់ដឹកនាំនៃក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីប AI កម្រិតខ្ពស់ធំជាងគេពីរនៅលើពិភពលោក បានចូលរួមក្នុងស្ថាប័នដែលមានឥទ្ធិពលមួយ ដែលប្រមូលផ្តុំទៅដោយនាយកប្រតិបត្តិអាជីវកម្មល្បីៗជាច្រើនផ្សេងទៀតនៅលើពិភពលោក រួមទាំងអ្នកប្រាជ្ញ និងអ្នកជំនាញសេដ្ឋកិច្ចល្បីៗផងដែរ។

គួរជម្រាបជូនថា ការតែងតាំងនេះធ្វើឡើងក្នុងពេលដែល Nvidia និង AMD កំពុងស្វែងរកការរក្សាផ្លូវចូលទៅកាន់ទីផ្សារចិន ដែលជាទីផ្សារបន្ទះ semiconductor ធំបំផុតមួយក្នុងពិភពលោក ខណៈពេលដែលត្រូវដោះស្រាយជាមួយនឹងការកម្រិត និងការរឹតបន្តឹងដែលដាក់ចេញដោយទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង។ នេះបើយោងតាមការចុះផ្សាយរបស់ South China Morning Post៕​