លោកស្រី Angela Leong On-kei ដែលជាមហាសេដ្ឋីកាស៊ីណូ បានដាក់លក់ផ្ទះវីឡាទោលដ៏ទំនើបរបស់លោកស្រី នៅទីក្រុងហុងកុង ដែលត្រូវបានគេស្គាល់ថាជាទីផ្សារអចលនទ្រព្យលំនៅឋានដ៏មានតម្លៃថ្លៃបំផុតលើលោក ក្នុងតម្លៃ ៧០លានដុល្លារហុងកុង (ឬប្រហែល ៨,៩លានដុល្លារអាមេរិក)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes ។

ផ្ទះមួយខ្នងនេះត្រូវបានដាក់លក់ជាលើកដំបូងកាលពីប៉ុន្មានឆ្នាំមុនក្នុងតម្លៃប្រមាណ ១៦៨លានដុល្លារហុងកុង មុនពេលមានការបញ្ចុះតម្លៃជាបន្តបន្ទាប់។ លោកស្រី Leong បានទិញផ្ទះនេះតាមរយៈក្រុមហ៊ុនមួយកាលពីដើមឆ្នាំ២០១២ ក្នុងតម្លៃ ៦៨,៨លានដុល្លារហុងកុង។ បន្ទាប់ពីកាន់កាប់អស់រយៈពេល ១៤ឆ្នាំ លោកស្រីទទួលបានប្រាក់ចំណេញចំនួន ១,២លានដុល្លារហុងកុងពីអចលនទ្រព្យនេះ។
គួរឲ្យដឹងថា លោកស្រី Leong គឺជាប្រធានក្រុមប្រឹក្សាអភិបាល និងជាភាគទុនិកបុគ្គលធំបំផុតនៃក្រុមហ៊ុនកាស៊ីណូ SJM Holdings ដែលប្រតិបត្តិការកាស៊ីណូចំនួន ៥ នៅម៉ាកាវ។ យោងតាមទស្សនាវដ្តី Forbes លោកស្រីមានទ្រព្យសម្បត្តិសរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក។
ជម្រាបជូនថាទីក្រុងហុងកុងត្រូវបានចាត់ថ្នាក់ជាទីផ្សារអចលនទ្រព្យលំនៅឋានថ្លៃបំផុតលើពិភពលោកនាឆ្នាំនេះដោយធនាគារ Deutsche Bank។ ទីក្រុងនេះក៏ជាទីផ្សារអចលនទ្រព្យកម្រិតកំពូល (super prime) ធំជាងគេទីពីរលើពិភពលោកបន្ទាប់ពីទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួមផងដែរ។ នៅក្នុងត្រីមាសទីពីរ ប្រតិបត្តិការទិញលក់ផ្ទះដែលមានតម្លៃចាប់ពី ១០លានដុល្លារឡើងទៅនៅហុងកុងបានកើនឡើង ៧៥% រហូតដល់ ១,៦៧ពាន់លានដុល្លារ៕

