តម្លៃផ្ទះឯកជន នៅសិង្ហបុរី កើនឡើងជាង ៣% ក្នុងត្រីមាសទីមួយ ឆ្នាំ ២០២៣ នេះ

អន្តរជាតិ

បើយោងតាមការប៉ាន់ប្រមាណជាផ្លូវការមួយ ដែលចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍទីក្រុង (URA) បានបង្ហាញឱ្យដឹងនៅថ្ងៃចន្ទនេះ ថា តម្លៃផ្ទះឯកជន នៅក្នុងប្រទេសសិង្ហបុរី បានហក់ឡើង ៣,២% នៅក្នុងត្រីមាសទី ១ ឆ្នាំ ​២០២៣ នេះ ធៀបនឹងការកើនឡើងត្រឹមតែ ០,៤% ប៉ុណ្ណោះ កាលពីត្រីមាសមុន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការកើនឡើងនេះ បានធ្វើឱ្យសន្ទស្សន៍អចលនទ្រព្យលំនៅដ្ឋានឯកជនរបស់សិង្ហបុរី នៅក្នុងត្រីមាសទី ១ នេះ បានកើនឡើងដល់ ១៩៤,៦ពិន្ទុ ពោលគឺបានកើនឡើង ៦ពិន្ទុ ពីត្រីមាសមុន ។

តែទោះជាយ៉ាងណាក៏ដោយ ការលក់ផ្ទះនៅក្នុងប្រទេសសិង្ហបុរី បានធ្លាក់ចុះប្រហែល ៨% លើមូលដ្ឋានត្រីមាស និងប្រហែល ៣៨% ពីមួយឆ្នាំទៅមួយឆ្នាំ ។

ជុំវិញបញ្ហានេះ លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគរបស់ក្រុមហ៊ុន OrangeTee & Tie បាននិយាយថា ៖ ” ការលក់ធ្លាក់ចុះ បានបង្ហាញឱ្យឃើញថា វាទាក់ទងជាមួយនឹងការថយចុះលទ្ធភាពក្នុងការទិញ របស់អតិថិជន ព្រោះថាពួកគេមួយចំនួន បានប្រឈមមុខជាមួយនឹងបញ្ហាប្រឈមធំៗ ២ យ៉ាង ទីមួយគឺអត្រាការប្រាក់កើនឡើងខ្ពស់ និងមួយទៀត គឺតម្លៃផ្ទះបន្តកើនឡើង ” ។

គួរឱ្យដឹងផងដែរថា តម្លៃអចលនទ្រព្យលំនៅដ្ឋានឯកជន ដែលនៅជាប់នឹងតំបន់ស្នូលកណ្តាល (CCR) របស់សិង្ហបុរី បានកើនឡើង ១% នៅក្នុងត្រីមាសទី ១ ឆ្នាំនេះ ធៀបនឹងការកើនឡើងត្រឹមតែ ០,៧% ប៉ុណ្ណោះ កាលពីត្រីមាសមុន ។

ទន្ទឹមនឹងនេះ សម្រាប់អចលនទ្រព្យនៅសេសសល់ ក្នុងតំបន់កណ្តាល (RCR) វិញ បានកើនឡើងរហូតដល់ទៅ ៤% ធៀបនឹងការកើនឡើង ៣,១% ពីត្រីមាសមុន។ ហើយសម្រាប់តំបន់កណ្តាលក្រៅ (OCR) តម្លៃអចលនទ្រព្យបានកើនឡើង ១,៩% ធៀបនឹងការថយចុះ ២,៦% កាលពីត្រីមាសមុន ៕