ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ដោយតម្រូវឱ្យសហគ្រាសផលិត នាំចូល និងចែកចាយទាំងអស់ បញ្ឈប់ទាំងស្រុងនូវរាល់ការផ្តល់ ឬប្រគល់រង្វាន់តាមរយៈក្រវិលកំប៉ុង គម្របដប និងទម្រង់ផ្សងសំណាងផ្សេងៗ ដូចជាការចាប់ឆ្នោត កាតកោស គូប៉ុង បណ្ណប្តូររង្វាន់ QR Code ឬកម្មវិធីរង្វាន់ឌីជីថល ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត។

ទន្ទឹមនឹងនេះ ក្រសួងក៏បានហាមឃាត់ដាច់ខាតការចែករំលែក ឬផ្តល់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករដោយឥតគិតថ្លៃ ព្រមទាំងបញ្ជាឱ្យបញ្ឈប់រាល់ការបញ្ជាទិញ នាំចូល ឬផលិតថ្មីនូវសំបកវេចខ្ចប់ ក្រវិលកំប៉ុង ឬគម្របដបដែលមានរង្វាន់ ចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះតទៅ។
ដោយឡែក ចំពោះការលើកទឹកចិត្តផ្នែកពាណិជ្ជកម្ម ក្រសួងបានអនុញ្ញាតឱ្យមានការលក់បញ្ចុះតម្លៃពាណិជ្ជកម្ម (Trade Discount) មិនឱ្យលើសពី ១៥% នៃថ្លៃលក់កត់ត្រាលើវិក្កយបត្រឡើយ។ ប៉ុន្តែក្នុងករណីផលិតផលជិតផុតសុពលភាពប្រើប្រាស់ ដែលមានអាយុកាលមិនលើសពី ៦០ថ្ងៃ មុនថ្ងៃផុតកំណត់ សហគ្រាសអាចបញ្ចុះតម្លៃបានរហូតដល់ ២៥% ដោយត្រូវជូនដំណឹងជាមុនមកអគ្គនាយកដ្ឋានពន្ធដារ។
បន្ថែមលើសពីនេះ ក្រសួងក៏បានកំណត់លើការផ្ដល់អត្ថប្រយោជន៍ផ្សេងៗក្រៅពីគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ដូចជាការថែមជូន កែវ ចាន ធុងទឹកកក ដបទឹក អាវ មួក ឬកញ្ចប់ដំណើរលម្ហែកម្សាន្ត ដោយតម្លៃសរុបនៃទំនិញ ឬសេវាទាំងនោះ មិនត្រូវឱ្យលើសពី ៥% នៃថ្លៃលក់កត់ត្រាលើវិក្កយបត្រឡើយ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រំពឹងយ៉ាងមុតមាំថា គ្រប់សហគ្រាសផលិត នាំចូល និងចែកចាយទាំងអស់ ព្រមទាំងសាធារណជន នឹងចូលរួមអនុវត្តតាមសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងស្មារតីទទួលខុសត្រូវ៕


