សាស្រ្តាចារ្យ ម៉ម ប៊ុនហេង ជំរុញឱ្យក្រុមគ្រូពេទ្យ បន្តពង្រឹងគុណភាពព្យាបាលជំងឺ ដើម្បីបង្កើនទំនុកចិត្តជូនពលរដ្ឋ

សង្គម​ និង​សេដ្ឋកិច្ច

សាស្ត្រាចារ្យ ម៉ម ប៊ុនហេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមគ្រូពេទ្យឱ្យបន្តយកចិត្តទុកដាក់ និងតាមដានស្ថានភាពអ្នកជំងឺឱ្យបានហ្មត់ចត់ ប្រកបដោយវិជ្ជាជីវៈ និងភាពរហ័សទាន់ចិត្ត ដើម្បីផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តកាន់តែខ្ពស់ជូនដល់អ្នកជំងឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យស្ថានភាពជំងឺរបស់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្ដភាពកម្ពុជា-ចិន សែនសុខ និងមន្ទីរពេទ្យជាតិ តេជោសន្ដិភាព កាលពីពេលថ្មីៗនេះ។

ក្នុងសកម្មភាពចុះជួបដោយផ្ទាល់នេះ អ្នកជំងឺ និងក្រុមគ្រួសារ បានសម្ដែងនូវក្តីរំភើបរីករាយជាខ្លាំងចំពោះការយកចិត្ដទុកដាក់ និងទឹកចិត្ដប្រកបដោយភាពកក់ក្ដៅ របស់លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ដែលតែងតែចំណាយពេលវេលា ចុះមកពិនិត្យការបម្រើសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យដោយផ្ទាល់ សំដៅធានាឱ្យបាននូវប្រសិទ្ធភាពនៃការព្យាបាល និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈនិងទាន់ពេលវេលា។

ជាមួយគ្នានេះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ ក៏បានបង្ហាញនូវការសប្បាយរីករាយ និងថ្លែងអំណរគុណដល់ សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ដែលបានអញ្ជើញចុះមកសួរសុខទុក្ខអ្នកជំងឺ និងក្រុមគ្រូពេទ្យជានិច្ច។ ជាពិសេស ការចង្អុលបង្ហាញផ្ទាល់ៗអំពីបច្ចេកទេសថែទាំអ្នកជំងឺ ដែលជាមេរៀន និងបទពិសោធន៍ដ៏មានតម្លៃសម្រាប់ ក្រុមគ្រូពេទ្យយកទៅអនុវត្តក្នុងការបម្រើសេវាជូនពលរដ្ឋឱ្យកាន់តែប្រសើរឡើង។