ក្រៅពីឧបនាយករដ្ឋមន្រ្តី នេត សាវឿន តើឥស្សរជនរូបណាខ្លះត្រូវបានចាត់តាំងដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

សង្គម​និង​សេដ្ឋកិច្ច

នាយករដ្ឋមន្រ្តីបានសម្រេចតាំងតាំងឥស្សរជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងអង្គភាពស្ថាប័នចំនួន ១៧រូប/ស្ថាប័ន ក្នុងការដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុក្រឹត្យចំនួន២ទំព័រចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានតែងតាំងលោក នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ជាប្រធានដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអនុប្រធានចំនួន ៤រូប គឺលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោក ព្រុំ សុខា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានប្រចាំការ។

បើតាមអនុក្រឹត្យដដែល ក៏បានចាត់តាំងរដ្ឋមន្រ្តីចំនួន ៤រូបជាសមាជិក រួមមាន៖ លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល, លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ។

ជាមួយគ្នានោះ សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានតែងតាំងរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ១រូប ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ១រូប និងក្រសួងអប់រំយុវជន និងកីឡា១រូប ជាសមាជិក។

លើសពីនេះ សម្តេចនាយករដ្ឋមន្រ្តីក៏ចាត់តាំងលោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, លោក ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងអភិបាលរាជធានីខេត្ត និងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាសមាជិកផងដែរ៕