មន្រ្តីជំនាញ ណែនាំឲ្យពលរដ្ឋបញ្ឈប់សកម្មភាពកាត់របងបន្លាលួសការពារផ្លូវល្បឿនលឿន

សង្គម​និង​សេដ្ឋកិច្ច

ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការកាត់របងបន្លាលួសការពារផ្លូវល្បឿនលឿន ជាទង្វើមួយមិនត្រឹមត្រូវ និងអាចបង្ករគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៅលើផ្លូវនេះ។ទន្ទឹមគ្នានេះ មន្រ្តីជំនាញ ក៏បានណែនាំឲ្យពលរដ្ឋបញ្ឈប់សកម្មភាពកាត់របងបន្លាលួសការពារផ្លូវល្បឿនលឿននេះផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងនេះ ត្រូវបានបង្ហាញឡើង នៅក្នុងពេលចុះពិនិត្យទីតាំង ដែលទទួលរងការកាត់របងបន្លាលួសការពារផ្លូវ ជាហេតុធ្វើឱ្យមានបញ្ហាមួយចំនួនបានកើតឡើងនាពេលថ្មីៗនេះ របស់ នេះថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ អមដោយមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងអ្នកតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ កាលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។

ដោយមិនបង្អែរបង្អង់យូរ មន្រ្តីជំនាញបានចុះទៅពិនិត្យ ពន្យល់ណែនាំ និងស្វែងរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ជុំវិញករណីកាត់របងបន្លាលួសដើម្បីធ្វើដំណើរឆ្លងកាត់ចូលអាស្រ័យផល និងលែងសត្វពាហនៈជាដើម។

ទាក់ទងនឹងករណីនេះដែរ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធបានចុះទៅដល់ទីតាំងផ្ទាល់ ហើយធ្វើការពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យបញ្ឈប់នូវសកម្មភាពកាត់របងបន្លាលួសនេះបន្តទៀត ព្រោះវាគឺជាទង្វើមួយដែលមិនត្រឹមត្រូវ និងអាចបង្ករគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនបាន។

គួរបញ្ជាក់ដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃរយៈពេល១ខែពេញ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។

យ៉ាងណា នៅក្នុងការចុះពិនិត្យ និងណែនាំដល់ប្រជាពលរដ្ឋនេះ ថ្នាក់ដឹកនាំក្រសួងក៏បានទទួលយកនូវមូលហេតុដែលប្រជាពលរដ្ឋបានលើកឡើង យកមកពិចារណា និងធ្វើពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ក្នុងការស្វែងរកដំណោះស្រាយសមស្របមួយរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋផងដែរ។ នៅក្នុងស្មារតីដោះស្រាយជូនប្រជាពលរដ្ឋ ភាគីក្រសួង និងក្រុមហ៊ុនបានឯកភាពជួយសម្រួលឈូសឆាយផ្លូវដែលមានស្រាប់ជូនពួកគាត់ និងបានធ្វើការណែនាំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ ដែលអាចឆក់យកអាយុជីវិតពួកគាត់ផង និងអ្នកធ្វើដំណើរតាមផ្លូវផង។

សូមរម្លឹកផងដែរថា ពាក់ព័ន្ធនឹងបញ្ហាប្រជាពលរដ្ឋនាំគ្នាកាត់បន្លាលួសសង្ខាងផ្លូវល្បឿនលឿន ដែលទុកសម្រាប់ទប់ស្កាត់កុំឱ្យមានសត្វពាហនៈឆ្លងកាត់នេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏ធ្លាប់បានអំពាវនាវទៅកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមអប់រំណែនាំដល់ប្រជាពលរដ្ឋឱ្យពួកគាត់បានយល់ និងបញ្ឈប់សកម្មភាពនេះបន្តទៀត។ទន្ទឹមគ្នានេះ ក្រសួង ក៏បានសង្ឃឹមយ៉ាងមុតមាំថា ពលរដ្ឋ និងអ្នកបើកបរចូលរួមអនុវត្តតាមសេចក្តីណែនាំ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាលើផ្លូវមួយនេះផងដែរ៕