កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង៥០លានដុល្លារ ក្នុងឆ្នាំ២០២៥

សង្គម​ និង​សេដ្ឋកិច្ច

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥កន្លងទៅនេះកំពង់ផែស្វយ័តភ្នំពេញរកចំណូលបាន ពុំទាន់បានធ្វើសវនកម្មមានជាង៥០,២លានដុល្លារ ក្នុងនោះចំណូលពីប្រតិបត្តិការផែ ៤២,១លានដុល្លារ, ចំណូលពីអាជ្ញាធរផែ៦,៨លានដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗមានជាង១,៣លានដុល្លារ បើប្រៀបធៀបនិងរយៈពេលដូចគ្នានិងឆ្នាំ២០២៤កើនឡើងប្រមាណ២១ភាគរយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្តីប្រកាសព័ត៌មានខាងលើបញ្ជាក់ថា កាលឆ្នាំ២០២៤កំពង់ផែស្វយ័តភ្នំពេញរកចំណូលបាន៤១,៥លានដុល្លារ (បានធ្វើសវនកម្ម)។

យោងតាមក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានឱ្យដឹងថា កំពង់ផែស្វយ័តភ្នំពេញ (ក. ស. ភ.) គឺប្រតិបត្តិករកំពង់ផែទន្លេធំជាងគេ និងជាកំពង់ផែអន្តរជាតិមួយក្នុងចំណោមប្រតិបត្តិករកំពង់ផែអន្តរជាតិទាំងពីរនៅព្រះរាជាណាចក្រកម្ពុជា ហើយជាអាជ្ញាធរគ្រប់គ្រងផែនៅក្នុងមណ្ឌលអាជីវកម្មផែ។

ក្នុងនាមជាប្រតិបត្តិករផែ ក. ស. ភ ផ្តល់សេវាកម្មលើកដាក់ក្រោមដងយោង លើកដាក់លើទីលាន ឃ្លាំងស្តុកទុកទំនិញ កណ្ណធារកិច្ច ទីលានស្តុកទុកសំបកកុងតឺន័រ រើរៀបទំនិញទូកុងតឺន័រត្រជាក់ វាស់ស្ទង់និងបូមស្តារ ជួសជុល និងថែទាំកុងតឺន័រប្រមូលផ្តុំ ចែកចាយទំនិញ និងសេវារថយន្តដឹកជញ្ជូនក្រៅចំណតផែ។ ក្នុងនាមជាអាជ្ញាធរផែ ទទួលបានសិទ្ធិគ្រប់គ្រងមណ្ឌលអាជីវកម្មផែ ដែលមានចំងាយ ១៦៦គីឡូម៉ែត្រ។

ក្នុងមណ្ឌលអាជីវកម្មផែនេះបាននិងកំពុងប្រតិបត្តិការនៅទីតាំងនៃចំណតផែចំនួន ៦ គឺ ១-ចំណតផែកុងតឺន័រ LM១៧, ២-ចំណតផែពហុបំណង TS៣, ៣-ចំណតផែរណបពហុបំណង TS១១, ៤-ចំណតផែរណបពហុបំណង UM២ ៥-ចំណតផែអ្នកដំណើរ និងទេសចរ TS១ និង ៦-ចំណតផែរណបពហុបំណង LM២៦៕