រដ្ឋមន្រ្តីប្រៃសណីយ៍ ទស្សនកិច្ចនៅទីភ្នាក់ងារអវកាស និងក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន ដើម្បីស្វែងយល់ពីការប្រើប្រាស់អវកាស និងផ្កាយរណប

សង្គម​ និង​សេដ្ឋកិច្ច

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានធ្វើទស្សនកិច្ចទៅទីភ្នាក់ងារអវកាសជប៉ុននិងក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន ក្នុងឱកាសអញ្ជើញទៅចូលរួមកិច្ចប្រជុំលើកទី២នៃក្រុមប្រទេសជាមិត្ត (Friends Group) នៃ “ដំណើរការហ៊ីរ៉ូស៊ីម៉ាស្ដីពីបញ្ញាសិប្បនិម្មិត” (Hiroshima AI Process) នាថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៦ នៅប្រទេសជប៉ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានទៅធ្វើទស្សនកិច្ចការងារ នៅទីភ្នាក់ងាររុករកអវកាសជប៉ុន (Japan Aerospace Exploration Agency) ដើម្បីស្វែងយល់អំពីការអភិវឌ្ឍនិងការប្រើប្រាស់អវកាស ជាពិសេសផ្កាយរណប ដែលជាផ្នែកមួយកំពុងជឿនលឿននៃបច្ចេកវិទ្យាទូរគមនាគមន៍និងឌីជីថល។

ក្នុងដំណើរទស្សនកិច្ចនោះ លោករដ្ឋមន្រ្តីក៏បានទទួលជំនួបពិភាក្សាការងារជាមួយនឹងក្រុមហ៊ុនជប៉ុនចំនួន៣ ដើម្បីពិនិត្យលទ្ធភាពឱ្យក្រុមហ៊ុនមកដាក់ទីតាំងក្នុងសួនឌីជីថលនៅកម្ពុជា ពិភាក្សាការងារលើការរៀបចំបញ្ជូននិស្សិតជំនាញឌីជីថល ជំនាន់ទី១ ដែលចេះភាសាជប៉ុន មកធ្វើការងារនៅប្រទេសជប៉ុនក្រោមកម្មវិធី IT Pathway ដែលគាំទ្រដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

គួរបញ្ជាក់ដែរថា ដំណើរទស្សនកិច្ចលោករដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាពេលនេះ ជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងវិស័យឌីជីថលរវាងកម្ពុជានិងជប៉ុន ដែលមានការរីកចម្រើនជាលំដាប់ តាមរយៈការស្វែងយល់អំពីការអភិវឌ្ឍនិងប្រើប្រាស់អវកាស ការវិនិយោគក្នុងវិស័យឌីជីថល ទូរគមនាគមន៍ ធនធានមនុស្សឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល៕