សម្តេចតេជោ៖ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះ មិនមែនជាការដកទ័ពចេញនោះទេ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះ មិនមែនជាការដកទ័ពចេញនោះឡើយ។ សម្តេចតេជោ ហ៊ុន សែនលើកឡើងបែបនេះ គឺបន្ទាប់មានការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា ថៃ ដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឆ្លើយតបតាមរយៈហ្វេសបុក នាយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោបានបញ្ជាក់ថា«ការ​កែ​សម្រួល​កម្លាំង​កង​ទ័ព​នៅ​តំបន់​មាន​ជម្លោះ​ដែល​ស្រុះ​ស្រួល​គ្នា​រវាង​មេបញ្ជាការកងទ័ព នៃប្រទេសទាំងពីរកម្ពុជា-ថៃដើម្បី​បញ្ជៀស​នូវ​ការ​ប៉ះ​ទង្គិច​បង្ហូរ​ឈាម​ទ្រង់​ទ្រាយ​ធំ​គឺ​ជារឿងចាំបាច់។ ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ​ពិត​ជា​ចង់​មាន​សន្តិភាព​ជា​បន្ត និងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។ ការស្វែងរក​ដំណោះ​ស្រាយ​តាម​រយៈ​ការ​ចរចា​ត្រូវ​បាន​ធ្វើ​តាំង​ពីកំ​រិត​ថ្នាក់​រាជ​រដ្ឋាភិបាល​រហូត​ដល់​មេ​បញ្ជាការ​នៅ​អង្គភាព​ជួរ​មុខ​ទើប​មាន​លទ្ធផល​ដូចពេលនេះ»។

បន្ថែមពីនេះ ឆ្លើយតបមតិ និងសំនួររបស់បងប្អូនប្រជាពលរដ្ឋដែលបានចូល មក​ខាំ​មិន​ដោយមតិខុសៗគ្នាលើបណ្តាញសង្គមរបស់សម្តេចតេជោ ដោយសម្តេចតេជោ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗថា«រៀនយល់មិនមែនដកកងទ័ពចេញពីដីខ្លួនឯងទេ តែ​ជា​ការ​កែ​សម្រួល​កម្លាំង​ក្នុង​ទឹកដីរបស់ខ្លួន»។ សម្តេចតេជោ បា​ន​ឆ្លើយ​តប​បន្ថែម​ទៀត​ថា​«ការ​កែ​សម្រួល​កម្លាំង​ក្នុង​ទឹក​ដីខ្លួន។ ការកែសម្រួលប្រៀបដូច ជានៅលើគ្រែដេកពីមុនដេកក្បាលទៅជើង តែ​ពេល​នេះ​ដេក​ក្បាល​ទៅ​កើត​វិញ។ ដីយើងនៅតែជាដីយើង…»។ សម្តេចតេជោ ហ៊ុន សែន​បាន​អះអាង​ថា«រឿងប្តឹងទៅ ICJមិនប្រែប្រួលទេ»។

យ៉ាងណាមិញ ជាថ្មីម្តងទៀត សម្តេចតេជោ ក៏សូមបងប្អូនជន​រួម​ជាតិ​ជឿ​ទុក​ចិត្ត​លើ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ ដោយ​សន្តិ​វិធី​ដែល​ជា​វិធី​តែមួយ​គត់​ដើម្បី​បញ្ជៀស​សង្រ្គាម​បង្ហូរ​ឈាម​ និង​ដើម្បី​មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង។

សូមជម្រាបជូនថា នាល្ងាចព្រលប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ មន្រ្តីអ្នកនាំពាក្យរបស់ក្រសួងការពារ​ជាតិកម្ពុជា បានបញ្ជាក់ថា យោធាកម្ពុជា និងថៃបានជួបគ្នា និងបាន​សម្រេច​ធ្វើ​ការ​កែ​សម្រួល​កម្លាំ​ងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយភាពតានតឹង និង​ប្រឈម​មុខដាក់គ្នា៕​អត្ថបទ៖ហ្សាលីន