សម្ដេច ស ខេង៖ ការផ្ទេរថវិកាជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ កើនជាង១ពាន់លានដុល្លារ កាលពីឆ្នាំមុន

សង្គម​និង​សេដ្ឋកិច្ច

គិតត្រឹមឆ្នាំ២០២២ ការផ្ទេរថវិកាជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ កើនជាង១ពាន់លានដុល្លារអាមេរិក។នេះបើតាមការឱ្យដឹងពីសម្ដេចក្រឡាហោម ស ខេង ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា «រយៈ ពេល៥ឆ្នាំ (២០១៨-២០២២) ចុងក្រោយនេះ ការផ្ទេរថវិកាជាតិទៅឱ្យ រដ្ឋបាលថ្នាក់ក្រោមជាតិ មានកំណើនប្រមាណ ២,៧ដង គឺកើនឡើងពី ៤១៦ លានដុល្លារ ក្នុងឆ្នាំ២០១៨ ដល់ ១.១១៦លានដុល្លារ ក្នុងឆ្នាំ២០២២»។

ជាមួយគ្នានេះ សម្តេចថា គិតត្រឹមឆ្នាំ២០២២ តាមរយៈកំណែទម្រង់នេះ មានមុខងារជិត ៦០ ត្រូវបាន ផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងមុខងារផ្តល់សេវារដ្ឋបាលប្រមាណជាង ៨០០ប្រភេទ ត្រូវបានប្រគល់ និងធ្វើប្រតិភូកម្មជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ។

លើសពីនេះទៀត សម្ដេចបានបញ្ជាក់ដែរថា រដ្ឋបាលថ្នាក់ក្រោមជាតិក៏បានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ខ្នាតតូច និងអនុវត្តគម្រោងសេវាសង្គមប្រមាណជាង ២ពាន់គម្រោង ក្នុងមួយឆ្នាំៗ ដើម្បីឆ្លើយតបតម្រូវការជាក់ស្ដែងនៅក្នុងមូលដ្ឋាន ក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ។

គួរបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះដែរ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ ក៏បានបន្តប្ដេជ្ញាចិត្តបន្តកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យទៅជាស្ថាប័នកាន់តែរឹងមាំ មានសមត្ថភាព មានសិទ្ធិអំណាច មានមុខងារ និងធនធាន និងការទទួល ខុសត្រូវក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកប ដោយប្រសិទ្ធភាព និងនវានុវត្តន៍ផងដែរ៕