សម្តេច​ ហ៊ុន សែន ពន្លឿនបណ្តាប្រទេសធំៗ ឲ្យពង្រឹងសមត្ថភាពអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា បានពន្លឿនទៅកាន់បណ្តាប្រទេសធំៗ ឲ្យពង្រឹងសមត្ថភាព និងពន្លឿនការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ ការពន្លឿនេះ ត្រូវបានធ្វើឡើងក្នុងក្នុងកិច្ចសន្ទនាជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រ៊ីកបូក (BRICS Plus) ស្តីពីការអភិវឌ្ឍសកល ក្រោមមូលបទ «លើកកម្ពស់ភាពជាដៃគូអភិវឌ្ឍន៍សកលសម្រាប់យុគសម័យថ្មី ដើម្បីរួមគ្នាអនុវត្តរបៀបវារៈ ឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» កាលពីថ្ងៃទី ២៤ ខែមិថុនា ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូនៅទីក្រុងប៉េកាំង ប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ថ្លែងនៅចំពោះមុខប្រមុខរដ្ឋ និងរដ្ឋាភិបាលមកពីប្រទេសចិន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា អាហ្វ្រិកខាងត្បូង ប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោ និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត សម្តេច ​ហ៊ុន សែន បានអំពាវនាវ​ដល់​មេដឹកនាំ​មកពី​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​លេចធ្លោ​បង្កើន​កិច្ចសហការ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល ដែលជា​ប្រភព​កំណើន​ថ្មី​សម្រាប់​ជួយ​ដល់​ប្រទេស​ដែលមាន​កម្រិត អភិវឌ្ឍន៍​ទាប​ឱ្យ​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​។

សម្តេចបានបញ្ជាក់ដូច្នេះថា​ ៖«​យើង​គួរផ្តោត​ការយកចិត្ត​ទុកដាក់​ ជាពិសេស​លើ​ការបង្កើន​កិច្ចសហការ​ក្នុង​ការពង្រឹង​សមត្ថភាព និង​ពន្លឿន​ការធ្វើ​បរិវត្តកម្ម​ឌីជីថល និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល ដែលជា​ប្រភព​កំណើន​ថ្មី ជាពិសេស​ជួយ​ប្រទេស​ដែល​មាន​កម្រិត​អភិវឌ្ឍន៍​ទាប ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​»​។

ឆ្លៀតពេលនោះ សម្តេចក៏បានអំពាវនាវ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ ការបើក​ចំហ ការគាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី និង​ការកាត់​បន្ថយ​របាំង​ពាណិជ្ជកម្ម សម្រាប់​ពិភពលោក ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ស្របពេល​តំបន់​ និង​សកលលោក​កំពុង​បន្ត​ប្រឈម​កាន់តែ​ស្រួចស្រាល់​ឡើងៗ​។

យ៉ាងណា តាមរយៈកិច្ចសន្ទនាជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រ៊ីកបូក (BRICS Plus)នោះ កម្ពុជា ក៏បានប្តេជ្ញា​ថា ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ ​នឹង​ខិតខំ​ដើរតួនាទី​យ៉ាង​សកម្ម​បន្ថែមទៀត ដើម្បី​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អាស៊ាន​ជាមួយ​ដៃគូ​ក្នុង​គោលដៅ ជំរុញ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​កូវីដ​ ១៩ ​ប្រកប​ដោយ​បរិយាប័ន្ន ចីរភាព និង​ភាពធន់ជាដើម​៕