សមាគមឧកញ៉ាកម្ពុជា ចូលរួមពិធីសម្ពោធផ្លូវជាតិលេខ១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សមាគមឧកញ៉ាកម្ពុជា

ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា អ៊ាន អេឡែន អនុប្រធានសមាគមទទួលបន្ទុកដឹកនាំប្រចាំខែតុលា ដឹកនាំគណៈប្រតិភូសមាគម ចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្លូវជាតិលេខ១០ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដែលមានប្រវែងសរុបជាង ១៩៨គីឡូម៉ែត្រ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ផ្លូវនេះបានរួមចំណែកប្រែក្លាយអតីតតំបន់សមរភូមិសង្គ្រាមស៊ីវិលឱ្យទៅជាតំបន់អភិវឌ្ឍន៍ និងជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ថ្មី ដោយជួយពង្រឹងការតភ្ជាប់រវាងភូមិភាគពាយ័ព្យ និងតំបន់ឆ្នេរសមុទ្រភាគនិរតី សម្រួលការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងទំនិញ ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការតភ្ជាប់ទៅកាន់កំពង់ផែសំខាន់ៗនៅខេត្តព្រះសីហនុ និងខេត្តកោះកុង។

ទន្ទឹមនឹងនេះ ផ្លូវជាតិលេខ១០ ក៏មានតួនាទីសំខាន់ក្នុងការជំរុញសក្តានុពលទេសចរណ៍ ការអភិវឌ្ឍសេដ្ឋកិច្ចតាមតំបន់ និងការពង្រឹងបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា ឱ្យមានភាពប្រទាក់ក្រឡា និងប្រសិទ្ធភាពកាន់តែខ្ពស់។

ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងពិធីសម្ពោធនេះ បានបង្ហាញពីការគាំទ្រយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកប្រព័ន្ធដឹកជញ្ជូន និងពង្រឹងប្រព័ន្ធឡូជីស្ទីកជាតិ ឱ្យឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ស្របតាមទិសស្លោក «ផ្លូវគឺជាមូលដ្ឋាននៃការធ្វើសមាហរណកម្មផ្ទៃក្នុង និងការអភិវឌ្ឍនៅតាមសហគមន៍» សមិទ្ធផលផ្លូវជាតិលេខ១០ នឹងរួមចំណែកលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋ បង្កើនការតភ្ជាប់រវាងតំបន់ផលិតកម្ម និងទីផ្សារ ព្រមទាំងជួយជំរុញសហគ្រាសធុនតូច និងមធ្យម សិប្បកម្ម និងវិស័យកម្មន្តសាលកម្ពុជា ឱ្យចូលរួមកាន់តែសកម្មក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃតំបន់ និងសកល។

សមាគមឧកញ៉ាកម្ពុជា នឹងបន្តចូលរួមគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធឡូជីស្ទីក ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការបង្កើនសមត្ថភាពប្រកួតប្រជែង ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការទាក់ទាញវិនិយោគមកកាន់កម្ពុជា។