កីឡាករបាល់ទាត់មានបំផុតលើលោក Faiq Bolkiah (ហ្វាគ ប៊ុលខាយ) ដែលត្រូវជាក្មួយប្រុសរបស់ព្រះមហាក្សត្រនៃប្រទេសព្រុយណេ បច្ចុប្បន្នកំពុងតែគ្មានក្លឹបលេងនោះទេ បន្ទាប់ពីបានបែកផ្លូវជាមួយក្រុម Ratchaburi FC នៅក្នុងលីគកំពូលរបស់ប្រទេសថៃ ដោយរូបគេបង្ហាញខ្លួនលើទីលានបានត្រឹមតែ ១៨ប្រកួតប៉ុណ្ណោះក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Daily Mail។

ក្លិប Ratchaburi បានប្រកាសចែកផ្លូវជាមួយខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំរូបនេះជាផ្លូវការកាលពីខែកក្កដា។ Bolkiah ត្រូវបានគេស្គាល់ និងមានភាពល្បីល្បាញពេញពិភពលោកមិនមែនដោយសារតែគុណផលលេងនៅលើទីលានរបស់គេនោះទេ ប៉ុន្តែគឺដោយសារតែប្រវត្តិគ្រួសារដ៏ស្តុកស្តម្ភរបស់គេទៅវិញ។
គួរឲ្យដឹងថាក្នុងនាមជាក្មួយប្រុសរបស់ព្រះចៅ Hassanal Bolkiah ព្រះមហាក្សត្រនៃប្រទេសព្រុយណេ Bolkiah ត្រូវ បានគេរាយការណ៍ថាមានទ្រព្យសម្បត្តិលើសពី ២០ពាន់លានដុល្លារ ដែលធ្វើឱ្យគេក្លាយជាកីឡាករបាល់ទាត់ដែលមានបំផុតលើពិភពលោក ទោះបីជាគេមិនមែនជាអ្នកបន្តវេនផ្ទាល់នៃរាជបល្ល័ង្កក៏ដោយ។
ជម្រាបជូនថា ដំណើរផ្លូវបាល់ទាត់របស់ Bolkiah បានចាប់ផ្តើមដំបូងនៅសហរដ្ឋអាមេរិក ដែលជាកន្លែងគេកើត មុនពេលគ្រួសាររបស់គេផ្លាស់ទៅរស់នៅប្រទេសអង់គ្លេស ដើម្បីឱ្យគេសិក្សានៅមហាវិទ្យាល័យ Bradfield។ ក្រោយមករូបគេបានចូលរួមក្នុងប្រព័ន្ធបាល់ទាត់យុវជនអង់គ្លេសដោយជោគជ័យ ដោយបានចំណាយពេលនៅក្នុងថ្នាលយុវជនរបស់ក្លិប Southampton, Chelsea និង Leicester City ផងដែរ។

