ក្រុមហ៊ុនអវកាសរបស់មហាសេដ្ឋីមានដាច់គេលើលោក Elon Musk កំពុងរៀបចំផែនការខ្ចីប្រាក់ និងបោះផ្សាយប័ណ្ណបំណុល (bonds) ដើម្បីរៃអង្គាសទឹកប្រាក់យកទៅទិញបន្ទះឈីប AI បន្ថែមទៀតពីក្រុមហ៊ុន Nvidia។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន SpaceX កំពុងចរចាជាមួយធនាគារ និងមូលនិធិវិនិយោគនានា ដើម្បីរៃអង្គាសទឹកប្រាក់ចំនួន ៤០ពាន់លានដុល្លារ សម្រាប់ទិញបន្ទះឈីប AI របស់ក្រុមហ៊ុន Nvidia។ នៅក្នុងការរៃសង្គាសនោះដែរ ក្រុមហ៊ុនអវកាសនេះ មានផែនការខ្ចីលុយចំនួន ១០ពាន់លានដុល្លារពីធនាគារ និងបោះផ្សាយប័ណ្ណបំណុលចំនួន ៣០ពាន់លានដុល្លារ។
ទន្ទឹមនឹងនេះ បើយោងតាមសារព័ត៌មាន Financial Times បានបង្ហាញទៀតថា ក្រុមហ៊ុន Apollo Capital Management ត្រូវបានគេរំពឹងថានឹងធ្វើជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងរបស់ SpaceX និងគាំទ្រការបោះផ្សាយប័ណ្ណបំណុលសម្រាប់វិនិយោគិន។
គួរជម្រាបជូនថា ផែនការរៃអង្គាសប្រាក់របស់ SpaceX នេះ បានបង្ហាញឱ្យឃើញពីតម្រូវការដើមទុនដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងរលកនៃបច្ចេកវិទ្យា AI ពិភពលោក។ ក្រុមហ៊ុនបច្ចេកវិទ្យានានាកំពុងប្រជែងគ្នាយ៉ាងខ្លាំងក្លា ដើម្បីទទួលបានការផ្គត់ផ្គង់បន្ទះឈីប និងហេដ្ឋារចនាសម្ព័ន្ធគណនាគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍ AI។
ក្រុមហ៊ុន Morgan Stanley ប៉ាន់ប្រមាណថា នៅត្រឹមឆ្នាំ២០២៨ ហេដ្ឋារចនាសម្ព័ន្ធ AI នឹងត្រូវការប្រភពដើមទុនពីខាងក្រៅរហូតដល់ ១,៥ទ្រីលានដុល្លារ បើទោះបីជាធនាគារ និងវិនិយោគិនចាប់ផ្តើមមានប្រុងប្រយ័ត្នជាងមុនចំពោះឧស្សាហកម្មប្រភេទនេះក៏ដោយ៕

