ថ្មីៗនេះ យោងតាមការចុះផ្សាយពី Forbes បានបង្ហាញឲ្យដឹងថា លោក Pham Nhat Voung ដែលជាអ្នកមានដាច់គេនៅក្នុងប្រទេសវៀតណាម និងជាប្រធានក្រុមហ៊ុន Vingroup ទើបតែជាឈានដល់កំណត់ត្រាថ្មី ដោយទ្រព្យសម្បត្តិសរុបរបស់លោក កើនឡើងដល់ចំនូួនប្រមាណ ១១,៥ពាន់លានដុល្លារ។

យ៉ាងណាមិញនេះជាលើកដំបូងហើយនៅក្នុងប្រទេសវៀតណាម ដែលទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនៅក្នុងប្រទេសនេះ កើនឡើងដល់ចំនួនច្រើនជាង ១១ពាន់លានដុល្លារ បែបនេះ។
យោងតាម Forbes បានរាយការណ៍ទៀតថា ទ្រព្យសម្បត្តិរបស់លោក Voung បច្ចុប្បន្ន បានកើនឡើងប្រហែល ៧ពាន់លានដុល្លារ រួចមកហើយ បើធៀបទៅនឹងចំនួន កាលពីដើមឆ្នាំ២០២៥ នេះ។
គួរឲ្យដឹងថា ជាមួយចំនួននេះ បានធ្វើឲ្យប្រធានក្រុមហ៊ុន Vingroup បច្ចុប្បន្នកំពុងជាប់ចំណាត់ថ្នាក់ទី២៣៧ ក្នុងបញ្ជីឈ្មោះអ្នកមានបំផុតនៅលើពិភពលោក ហើយបន្តរក្សាតំណែងរបស់លោក ក្នុងនាមជាមហសេដ្ឋីមានដាច់គេ នៅក្នុងប្រទេសវៀតណាម ផងដែរ។
ជម្រាបជូនផងដែរថា ជុំវិញមូលហេតុដែលទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Pham Nhat Vuong កើនឡើងយ៉ាងឆាប់រហ័សក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ គឺដោយសារតែតម្លៃភាគហ៊ុនរបស់ Vingroup ដែលក្តោបក្តាប់លើអាជីវកម្មជាច្រើន បានកើនឡើងយ៉ាងខ្លាំង។ ជាពិសេសនៅក្នុងការជួញដូរចុងក្រោយ កាលពីថ្ងៃទី១១ ខែកក្កដា ភាគហ៊ុន VIC របស់ Vingroup បានបន្តកើនឡើងយ៉ាងខ្លាំង ពេលខ្លះឈានដល់តម្លៃខ្ពស់បំផុតដល់ ១០៨ ០០០ដុង (៤,១៣ដុល្លារ) ក្នុងមួយហ៊ុន៕

