វិស័យបាល់ទាត់ព័រទុយហ្គាល់ ប្រឈមមុខនឹងការខាតបង់ហិរញ្ញវត្ថុធ្ងន់ធ្ងរ បើតារាឆ្នើម Ronaldo ចាកចេញពីក្រុម

អន្តរជាតិ

ជុំវិញការចាកចេញដែលអាចកើតមានឡើងរបស់តារាបាល់ទាត់ឆ្នើម Cristiano Ronaldo ពីក្រុមជម្រើសជាតិព័រទុយហ្គាល់ ត្រូវគេរំពឹងថានឹងក្លាយជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ពាណិជ្ជកម្មរបស់ប្រទេស បន្ថែមពីលើទម្រង់លេងនៅលើទីលាន បន្ទាប់ពីរូបលោកមានទំនាស់ជាមួយគ្រូបង្វឹក កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថា Ronaldo បានចាកចេញពីជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់កាលពីថ្ងៃទី៣០ ខែកញ្ញា បន្ទាប់ពីគ្រូបង្វឹកលោក Jorge Jesus បានប្រាប់អ្នកសារព័ត៌មានថា ខ្សែប្រយុទ្ធវ័យ ៤១ឆ្នាំរូបនេះ នឹងត្រូវដកចេញពីការប្រកួតបន្ទាប់។

កាលពីមុន លោក Jesus បាននិយាយថា មិនមានភាពរកាំរកូសរវាងលោក និង Ronaldo នោះទេ ទោះបីជាគ្រូបង្វឹកវ័យ ៧២ឆ្នាំរូបនេះបានទទួលស្គាល់ថា កំពូលខ្សែប្រយុទ្ធរូបនេះបានខកចិត្តដែលត្រូវអង្គុយនៅកៅអីបម្រុង ក្នុងការប្រកួតឈ្នះប្រទេសន័រវេស ក្នុងពានរង្វាន់ Nations League ក៏ដោយ។ លោក Jesus ត្រូវបានគេរាយការណ៍ថាបានប្រាប់ Ronaldo មុនការប្រកួតនោះថា រូបគេនឹងទទួលបានការលេងរយៈពេល ៣០នាទី ប៉ុន្តែលោកមិនបានរក្សាសន្យានោះទេ។

យ៉ាងណាមិញ​ បើយោងតាមទស្សនាវដ្តី Forbes ប្រហែល ៣០% ទៅ ៣៥% នៃប្រាក់ចំណូលសរុបរបស់សហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ (FPF) គឺជាប់ទាក់ទងដោយផ្ទាល់ ឬដោយប្រយោលទៅនឹងការទាក់ទាញផ្នែកពាណិជ្ជកម្មរបស់ Ronaldo។ តួលេខនេះបានមកពីកិច្ចព្រមព្រៀងឧបត្ថម្ភ ការលក់សម្ភារកីឡា និងការទាក់ទាញសរុបរបស់ក្រុមជម្រើសជាតិទៅកាន់ទស្សនិកជនអន្តរជាតិ ជាពិសេសពីសំណាក់ Ronaldo ផ្ទាល់តែម្តង។

ហើយយ៉ាងណាមិញ ប្រសិនបើខ្សែប្រយុទ្ធជើងចាស់រូបនេះ នឹងត្រូវបញ្ចប់អាជីពពីក្រុមជម្រសើជាតិរបស់ខ្លួនជាផ្លូវការមែននោះ សារព័ត៌មានព័រទុយហ្គាល់ Record បានព្យាករថា ផលប៉ះពាល់លើប្រាក់ចំណូលពាណិជ្ជកម្មរយៈពេលវែងរបស់ FPF អាចនឹងធ្លាក់ចុះរហូតដល់ ៥០% ដែលបង្ហាញថាឥទ្ធិពលរបស់ Ronaldo គឺលើសពីការចូលរួមចំណែកនៅលើទីលានទៅទៀត៕