ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងបង្កើនពន្ធគយលើទំនិញរបស់ប្រទេសកាណាដា ១០% បន្ថែមទៀត ដើម្បីជាការឆ្លើយតបទៅនឹងការផ្សព្វផ្សាយពាណិជ្ជកម្មបំភាន់ទៅលើទំនិញរបស់អាមេរិក របស់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញសេចក្តីប្រកាសនេះ ត្រូវបានបង្ហោះដោយលោក ត្រាំ នៅលើបណ្តាញសង្គម Truth Social របស់ខ្លួន ពោលគឺត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក បានប្រកាសផ្អាកចរចាពាណិជ្ជកម្ម ជាមួយកាណាដា។
មិនតែប៉ុណ្ណោះ លោក ត្រាំ បានសសេរថា៖” ដោយសារតែការបង្ហាញខុសយ៉ាងធ្ងន់ធ្ងរពីការពិត និងសកម្មភាពមិនល្អរបស់ពួកគេ ខ្ញុំនឹងដំឡើងពន្ធលើកាណាដា ១០% បន្ថែមទៀត ពោលគឺលើសពីអ្វីដែលពួកគេកំពុងបង់នាពេលបច្ចុប្បន្ន”។
ទោះជាយ៉ាងណាក៏ដោយ វានៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេថា ផលិតផលណាមួយដែលនឹងរងផលប៉ះពាល់ដោយសារពន្ធគយថ្មីនេះ។ ប៉ុន្តែក្នុងនោះការនាំចេញភាគច្រើនរបស់កាណាដាទៅកាន់សហរដ្ឋអាមេរិក ត្រូវបានបានលើកលែងពន្ធ នៅក្រោមកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) ដែលបានចុះហត្ថលេខាក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ត្រាំ។
ជម្រាបជូនផងដែរថា កន្លងមករដ្ឋបាលវលោក ត្រាំ បានដាក់ពន្ធ ៣៥% លើទំនិញកាណាដាដែលមិនត្រូវបានគ្របដណ្តប់ដោយកិច្ចព្រមព្រៀង USMCA កាលពីក្នុងខែសីហា ប៉ុន្តែទោះជាយ៉ាងណាសេដ្ឋកិច្ចកាណាដាត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយពន្ធ ៥០% ដែលសហរដ្ឋអាមេរិកបានដាក់លើការនាំចូលដែកថែប និងអាលុយមីញ៉ូមដែលជាផលិតនាំចេញដ៏សំខាន់របស់ប្រទេសនេះ៕

