កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន។ទន្ទឹមគ្នានេះ ម្ពុជា-អាស៊ែបៃហ្សង់ ក៏បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើរឿងសំខាន់ចំនួន៣ ដើម្បីរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចផងដែរ។

ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU)នេះ បានធ្វើឡើងកាលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ លោក Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
នាឱកាសនោះ បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី, សម្ដេចធិបតី និងលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ ក៏បានចូលរួមជាអធិបតី ក្នុងពិធីប្តូរឯកសារ ចំនួន៣ ដែលរួមមាន៖
១-អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។២-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាង វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង សាកលវិទ្យាល័យ ADA ដែល ចំណុះឱ្យក្រសួងការបរទេសនៃ សាធារណរដ្ឋអាស៊ែបៃហ្សង់។ និង៣-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេសពន្ធនិងការចៀសវាងពន្ធ។
សូមជម្រាប់ដែរថា ក្នុងឱកាសនៃជំនួប ថ្នាក់ដឹកនាំកម្ពុជា-អាស៊ែបៃហ្សង់ ក៏បានវាយតម្លៃខ្ពស់អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ នាពេលកន្លងមកផងដែរ៕ អត្ថបទ៖ហ្សាលីន



