សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ថ្លែងក្នុង «វេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់» នារសៀលថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីបាគូ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសស្វាគមន៍ និងអញ្ជើញវិនិយោគិនអាស៊ែបៃហ្សង់ទាំងអស់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្ត និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ដោយរាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយសម្រួលដល់ដំណើរការវិនិយោគឱ្យទទួលបានជោគជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិកាធុរកិច្ចដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងពាណិជ្ជកម្មកម្ពុជា ក្រសួងសេដ្ឋកិច្ចអាស៊ែបៃហ្សង់ ស្ថានទូតនៃប្រទេសទាំងពីរ និងសភាពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពីលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា, លោក មីខាអៀល ហ្សាប់ប៉ារ៉ូវ (Mikayil Jabbarov) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ែបៃហ្សង់ ព្រមទាំងតំណាងក្រុមហ៊ុនអាស៊ែបៃហ្សង់ចំនួន ១០៧ នាក់ មកពី ៩០ ក្រុមហ៊ុន និងធុរជនកម្ពុជាជាច្រើនរូប។

ថ្លែងសុន្ទរកថាគន្លឹះទៅកាន់អង្គវេទិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ខ្ញុំសូមអញ្ជើញវិនិយោគិនអាស៊ែបៃហ្សង់ទាំងអស់ មកឱ្យចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្ត និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំការជួយសម្រួលដល់ដំណើរវិនិយោគរបស់លោកអ្នក តាមរយៈយន្តការគាំទ្រ និងការតម្រង់ទិស ដោយធានានូវបទពិសោធន៍ដ៏រលូន និងជោគជ័យ»។

សម្តេចធិបតីបានសង្កត់ធ្ងន់ថា គម្លាតភូមិសាស្ត្រលែងជាឧបសគ្គទៀតហើយ ខណៈប្រទេសទាំងពីរមានចក្ខុវិស័យរួមសម្រាប់ការរីកចម្រើន និងវិបុលភាព។

ដើម្បីទាក់ទាញ និងបង្កើនទំនុកចិត្តដល់វិនិយោគិនអាស៊ែបៃហ្សង់ សម្តេចធិបតីបានលើកឡើងនូវឧត្តមភាពប្រកួតប្រជែងជាយុទ្ធសាស្ត្រចំនួន ៦ ចំណុចសំខាន់ៗរបស់កម្ពុជា រួមមាន៖ ១,កម្លាំងពលកម្មវ័យក្មេង និងប្រកបដោយថាមវន្ត ដោយប្រជាជនកម្ពុជាប្រមាណ ៦០% មានអាយុក្រោម ៣៥ ឆ្នាំ ដែលពោរពេញដោយថាមពល រៀនសូត្របានលឿន និងស្ទាត់ជំនាញបច្ចេកវិទ្យាឌីជីថល។ ២, បរិយាកាសធុរកិច្ចបើកចំហ និងអនុគ្រោះខ្ពស់ ដោយច្បាប់វិនិយោគកម្ពុជាផ្តល់ការលើកទឹកចិត្តលើកលែងពន្ធរហូតដល់ ១២ ឆ្នាំ អនុញ្ញាតឱ្យជនបរទេសកាន់កាប់កម្មសិទ្ធិ ១០០% ដោយគ្មានការរឹតត្បិតលើការផ្ទេរប្រាក់ចំណេញ ឬដើមទុនចេញក្រៅប្រទេសឡើយ ព្រមទាំងមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាច្រកចេញចូលតែមួយ។

៣, ការគាំទ្រពីរាជរដ្ឋាភិបាលយ៉ាងរឹងមាំ តាមរយៈវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ដឹកនាំដោយនាយករដ្ឋមន្ត្រីផ្ទាល់ ដើម្បីដោះស្រាយកង្វល់ និងសម្រួលអាជីវកម្មជូនវិនិយោគិនឱ្យទាន់ពេលវេលា។ ៤, ទីតាំងភូមិសាស្ត្រ និងការតភ្ជាប់ឡូជីស្ទីក គឺ ស្ថិតនៅចំកណ្តាលអាស៊ាន រួមជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ ជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនយ៉ាងច្រើន។ ៥, ច្រកចូលទីផ្សារទូលំទូលាយ ដោយកម្ពុជាជាសមាជិកអាស៊ាន និង RCEP ព្រមទាំងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀង CEPA ជាមួយអារ៉ាប់រួម។ និងទី៦ ការប្តេជ្ញាចិត្តលើកំណើនបៃតង ដោយបច្ចុប្បន្នកម្ពុជាសម្រេចបានការប្រើប្រាស់ថាមពលស្អាត និងកកើតឡើងវិញដល់ ៦៣% ដោយគ្រោងឈានដល់ ៧០% នៅឆ្នាំ២០៣០។

ស្របគ្នានឹងវេទិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម អ៊ីលហាំ អាលីយ៉េវ (Ilham Aliyev) ប្រធានាធិបតីអាស៊ែបៃហ្សង់ ក៏បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច និង កិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា ដែលជាមូលដ្ឋានគ្រឹះគតិយុត្តិដ៏រឹងមាំក្នុងការជំរុញទំហំពាណិជ្ជកម្ម និងគម្រោងវិនិយោគជាក់ស្តែងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនទៅមុខ៕