នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបប្រមាណ ២៥៦,៧១៥ នាក់ បានអញ្ជើញមកដើរលេងកម្សាន្តនៅក្នុងខេត្តសៀមរាប ដែលតួលេខនេះបង្ហាញពីការកើនឡើងចំនួន ៧.៧៧% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញឱ្យដឹងថា ចំនួនភ្ញៀវទេសចរសរុបដែលបានមកទស្សនាកម្សាន្តនាឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រួមមាន ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ២៥១,១៥០ នាក់ កើនឡើង ៧.៦៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានចំនួន ២៣៣,៣២០ នាក់។ ភ្ញៀវទេសចរបរទេស មានចំនួន ៥,៥៦៥ នាក់ កើនឡើងរហូតដល់ ១៤.០១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានចំនួនត្រឹមតែ ៤,៨៨១ នាក់។
តាមរបាយការណ៍ដដែលបានបញ្ជាក់ថា កាលពីឱកាសបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ២០២៥ កន្លងទៅ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ២៣៨,២០១ នាក់ប៉ុណ្ណោះ។ កំណើនភ្ញៀវទេសចរទាំងជាតិ និងជាពិសេសកំណើនទ្វេដងនៃភ្ញៀវអន្តរជាតិនាឱកាសនេះ បានបង្ហាញឱ្យឃើញពីភាពទាក់ទាញឥតឈប់ឈរនៃរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងគោលដៅទេសចរណ៍នានាក្នុងខេត្តសៀមរាប ព្រមទាំងបរិយាកាសកម្សាន្តដ៏ល្អប្រសើរសម្រាប់ភ្ញៀវទេសចរគ្រប់ទិសទី៕






