សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកំពុងជួយដោះស្រាយបញ្ហារវាងម្ចាស់បុរី និងអតិថិជន ជាបន្តបន្ទាប់ហើយ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​ថ្លែង​​នៅថ្ងៃទី១១ ខែមេសានេះ​ថា រាជរដ្ឋាភិបាលកម្ពុជា កំពុង​ជួយ​ដោះស្រាយបញ្ហា​រវាង​ម្ចាស់បុរី និងអតិថិជន ជាបន្តបន្ទាប់ ហើយមិនមែន​ដេក​មើល​ការលំបាក​របស់​ពលរដ្ឋនោះ​ទេ ដូច្នេះ​សូមប្រជាពលរដ្ឋទាំងអស់​មេត្តាទុកពេលវេលា និងជឿទុកចិត្តលើរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្ននេះ មានបញ្ហាមួយចំនួនរវាងម្ចាស់បុរីនិងអតិថិជន​ដែលជាប្រជាពលរដ្ឋ​ត្រូវការ​លំនៅឋាន​រស់នៅ ដោយសារ​តែ​កត្តា​​កូវីដ-១៩ វិបត្តិសេដ្ឋកិច្ច ការ​បង់រំលស់ផ្ទះ​មាន​ការ​យឺតយ៉ាវ ឬ​គ្មានលទ្ធភាពបង់បន្ត ធ្វើឱ្យ​​​ម្ចាស់បុរីមួយចំនួន ក៏មានការ​ជាប់គាំង​​នូវ​លំហូរសាច់ប្រាក់ និង​ទាមទារ​ចាត់វិធាន​ការ​អនុវត្តតាមកិច្ចសន្យា ដោយ​រឹបអូសផ្ទះវិញ ឬ​ទិញចូលវិញ​ពី​អតិថិជនវិញ ក្នុងតម្លៃសមរម្យណាមួយ។

ក្នុងឱកាស​​អញ្ជើញ​ជា​អធិបតីក្នុង​ពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកឡើង​ដូច្នេះថា៖ “រាជរដ្ឋាភិបាល​មិនបានដេកមើលការលំបាករបស់ប្រជាជននោះទេ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមាន​ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជារដ្ឋមន្ត្រីក្រសួងនេះ បាននិងកំពុងធ្វើការប្រចាំថ្ងៃជាមួយបុរី ជាមួយប្រជាពលរដ្ឋ​ដែលជាអ្នកទិញ ដើម្បីដោះស្រាយបន្តិចម្ដងៗ ក្នុងនោះមានប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដែលបាននិងកំពុង​ដោះស្រាយ​ជាបន្តបន្ទាប់”។

សម្តេចធិបតី បានបន្តថា រាជរដ្ឋាភិបាលមានគោលដៅ​ធ្វើយ៉ាងណា​ឱ្យក្រុមហ៊ុនអភិវឌ្ឍន៍មានលំនឹងក្នុងការបន្តកសាង និង​ប្រគល់ផ្ទះជូនអតិថិជន ដូច្នេះ​សំណូមពរ​ឱ្យពលរដ្ឋ​ជឿទុកចិត្ត​ក្នុងការ​បន្ត​ដោះស្រាយជូន។ សម្តេចបន្ថែមថា៖ “ទោះជា​យ៉ាងណា យើងមិនអាចបំផ្លាញសេដ្ឋកិច្ចក្នុងរយៈពេលលំបាកនេះបានឡើយ សេដ្ឋកិច្ចវាតែងមានឡើងមានចុះ ពេល​លំបាក​យើងត្រូវតែរួមគ្នាដោះស្រាយ នៅពេលជោគជ័យនោះប្រជាពលរដ្ឋយើងនឹងមានជីវភាពឡើងមួយកម្រិតទៀត”។

គួររំឭកថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ អ្នកឧកញ៉ា លី ហួរ ប្រធាន​សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បាន​ដឹកនាំ​អនុប្រធាន និងសមាជិក​នៃ​សមាគម ដែលភាគច្រើន​ជា​ អ្នកឧកញ៉ា ឧកញ៉ា ​ម្ចាស់បុរី​ធំៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា រៀបចំ​ពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សមាគម​អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ​ក្រោម​អធិបតីភាព​លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់។

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា លី ហួរ បាន​លើកឡើង​ថា បញ្ហាសេដ្ឋកិច្ច​ធ្លាក់ចុះ​ជាសកល ​​បាន​ជះឥទ្ធិពលយ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច​កម្ពុជា​ទាំង​មូល ជាពិសេស​លើ​វិស័យ​អចលនទ្រព្យ ​ខណៈ​ដែល​បច្ចុប្បន្ន​នេះ​ គម្រោង​បុរី និងខុនដូ ការលក់​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

អ្នកឧកញ៉ា​ប្រធានសមាគម បាន​ឱ្យដឹង​ទៀត​ថា ជាក់ស្តែង​អតិថិជនពន្យាពេលបង់ប្រាក់ រហូតដល់អតិថិជនមួយចំនួន​មិនមានលទ្ធភាព មិនបានបង់ប្រាក់ត្រឡប់មកក្រុមហ៊ុនវិញ ព្រមទាំងទាមទារឱ្យ​ក្រុមហ៊ុនទិញផ្ទះត្រឡប់មកវិញ ធនាគារ​ពាណិជ្ជក៏បានតម្លើងអត្រាការប្រាក់ និងរឹតបន្តឹងការផ្ដល់ឥណទានលំនៅឋានជូនអតិថិជន ផ្អាកផ្តល់ឥណទានលើការ​វិនិយោគ​លើវិស័យសំណង់ ក្រសួងស្ថានប័នរដ្ឋ ដែលពាក់ព័ន្ធមានការយឺតយ៉ាវក្នុងការផ្តល់សេវាកម្ម រឹតបន្តឹងលើការ​អនុវត្តផ្លូវច្បាប់ និងមានការផាកពិន័យជាប្រាក់ដល់ក្រុមហ៊ុនអភិវឌ្ឍន៍ផងដែរ ធ្វើឱ្យ​ក្រុមហ៊ុនមួយចំនួនមាន​វិបត្តិហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ ក្រុមហ៊ុនមួយចំនួនផ្អាកការសាងសង់ បិទគម្រោងទាំងមូល និងឈានទៅដល់ក្ស័យធនតែម្ដង៕