ច្បាប់ស្តីពីតុលាការពាណិជ្ជកម្ម អាចនឹងចេញនៅឆ្នាំក្រោយ ហើយកាត់ក្តីមិនឱ្យលើសពី១ឆ្នាំក្នុងរឿងក្តីនីមួយៗ

សង្គម​និង​សេដ្ឋកិច្ច

ច្បាប់ស្តីពីតុលាការពាណិជ្ជកម្ម ដែលកើតឡើងពីការផ្តួចផ្តើមរបស់ក្រសួងយុត្តិធម៌ និងសភាពាណិជ្ជកម្មកម្ពុជា សហការចងក្រងបានចំណាយពេលវេលាជាង២ឆ្នាំកន្លងមកនេះ អាចនឹងចេញនៅឆ្នាំ២០២៤ខាងមុខ ខណៈច្បាប់មួយនេះរាជរដ្ឋាភិបាលបានស្នើឱ្យពន្លឿននៅច្បាប់មួយនេះចេញឱ្យបានលឿន កាលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា លឹម ហេង អនុប្រធានសភាកម្ពុជា បានឱ្យដឹងថា សភាពាណិជ្ជកម្មកម្ពុជាដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង បានឯកភាពគ្នាជាមួយក្រសួងយុត្តិធម៌ជំរុញច្បាប់ស្តីពីតុលាពាណិជ្ជកម្មឱ្យបានលឿន ហើយកន្លងមកទោះបីស្ថិតក្នុងស្ថានបរិបទជំងឺកូវីដ១៩ក៏ដោយនៅតែធ្វើការប្រជុំតាមអនឡាញ។

ឧកញ៉ា លឹម ហេង មានប្រសាសន៍ថា «យើងបានឯកភាពគ្នាបង្កើតនីតិវិធីនៃច្បាប់សម្រាប់ដំណើរការកាត់ក្តី ហើយនៅក្នុងនីតិវិធីកាត់ក្តីនេះយើងត្រូវធ្វើយ៉ាងម៉េចកាត់ឱ្យលឿនរហ័សជាប់មិនឱ្យលើសរយៈពេល១ឆ្នំានៅក្នុងក្តីនីមួយៗទំាងនៅក្នុងដំណាក់កាលតុលាការដំបូង ឧទ្ធរណ៍និងកំពូលនេះប្រកបដោយតម្លាភាព យុត្តិធម៌ ឆាប់រហ័សនិងគ្មានអំពើពុករលួយ»។

លោកឧកញ៉ាលើកឡើងថា យោងតាមប្រសាសន៍សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី បានជំរុញឱ្យចេញនៅនីតិកាលខាងមុខនេះគឺនៅឆ្នឆាំ២០២៤។ នៅពេលប្រមុខរាជរដ្ឋាភិបាលជំរុញឱ្យមានការរៀបចំច្បាប់ស្តីពីតុលាការពាណិជ្ជកម្មនេះឡើងគឺជាការកែទម្រង់ស៊ីជម្រៅមួយផ្សេងទៀតផ្នែកសេដ្ឋកិច្ច។ លោកថា ការកែទម្រង់ស៊ីជម្រៅផ្នែកច្បាប់ពាណិជ្ជកម្មនេះទៀត គឺជាការកែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុងស៊ីជម្រៅរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យអ្នកវិនិយោគកាន់តែមានជំនឿទុកចិត្តមកបណ្តាក់ទុនទាំងក្នុងស្រុកនិងបរទេសដោយមិនមានហានិភ័យ។

យោងតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ច្បាប់ស្តីពីតុលាការពាណិជ្ជកម្មដែលផ្តួចផ្តើមឡើងដោយក្រសួងយុត្តិធម៌និងសភាពាណិជ្ជកម្មកម្ពុជាបានសហការរៀបចំចងក្រងគិតមកដល់បច្ចុប្បន្ននេះ មានរយៈពេលជាង២ឆ្នាំហើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកាលថ្ងៃទី២៦មិថុនាកន្លងទៅនេះ មានប្រសាសន៍ថា«សេចក្តីព្រាងច្បាប់គប្បីពន្លឿនច្បាប់ទាក់ទិនជាមួយតុលាពាណិជ្ជកម្ម ព្រោះឥលូវនេះបញ្ហាកាន់តែធំ កាន់តែច្រើន ហើយកំពុងតែអភិវឌ្ឍន៍ប្រទេសមួយដោយពង្រឹងនៅការជឿជាក់សម្រាប់ការធ្វើធុរកិច្ចនៅកម្ពុជា។ ការណ៍សម្តេចតេជោស្នើរថាគួរតែខិតខំជំរុញឱ្យចេញនៅក្នុងនីតិកាលខាងមុខនេះនូវច្បាប់ស្តីពីតុលាការពាណិជ្ជកម្ម។

សម្តេចតេជោនាយករដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា ការរៀបចំតុលាការពាណិជ្ជកម្មនេះឡើងដើម្បីកាត់ក្តីទៅលើរឿងនេះ អ៊ីចឹងទេយើងត្រូវមានតុលាឯកទេស៕

អត្ថបទ៖សារេត