ភ្ជុំបិណ្ឌ ឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជាង ២,១៦លានដងនាក់

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរជាតិ និងបរទេស ព្រមទាំងប្រជាពលរដ្ឋដើរកម្សាន្តសរុបប្រមាណ ២ ១៦១ ២១១ ដងនាក់ (ជាង ២,១៦លានដងនាក់) កើនឡើងប្រមាណ ០,៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងពិធីបុណ្យភ្ជុំបិណ្ឌ កាលពីឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបានចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងចំណោមតួលេខសរុបជាង ២,១៦លានដងនាក់នេះ ត្រូវបានបែងចែកជា ៣ ប្រភេទសំខាន់ៗ រួមមាន៖ ទេសចរជាតិស្នាក់នៅ សរុបប្រមាណ ៣៨២ ៥៤៩ ដងនាក់, ប្រជាពលរដ្ឋដើរកម្សាន្តក្នុងស្រុក សរុបប្រមាណ ១ ៧៥៤ ៣១៩ ដងនាក់ និងទេសចរបរទេស សរុបប្រមាណ ២៤ ៣៤៣ ដងនាក់។

របាយការណ៍ដដែលបានគូសបញ្ជាក់ថា បណ្តាខេត្តគោលដៅទេសចរណ៍ទាំង ៥ ដែលទទួលបានភ្ញៀវច្រើនជាងគេបំផុតក្នុងឱកាសបុណ្យប្រពៃណីជាតិនេះ រួមមាន៖ ១. ខេត្តសៀមរាប ទទួលបានភ្ញៀវសរុបចំនួន ២៥៦ ៧១៥ ដងនាក់។ ២. ខេត្តកំពត ទទួលបានភ្ញៀវសរុបចំនួន ២២៤ ៨៦០ ដងនាក់ ។ ៣. ខេត្តព្រះសីហនុ ទទួលបានភ្ញៀវសរុបចំនួន ១៩៥ ៩៩៤ ដងនាក់។ ៤. ខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវសរុបចំនួន ១៦៨ ០១៦ ដងនាក់ ។ និង៥. ខេត្តកំពង់ចាម ទទួលបានភ្ញៀវសរុបចំនួន ១៦៥ ២៧២ ដងនាក់។

ក្រសួងទេសចរណ៍បានបញ្ជាក់បន្ថែមថា កំណត់សម្គាល់បច្ចេកទេសថា ឯកត្តា «ដងនាក់» គឺជាការរាប់ចំនួនដង ឬលើកនៃដំណើរមកកម្សាន្តរបស់ភ្ញៀវទេសចរ មិនមែនរាប់ជាចំនួនមនុស្សនោះឡើយ ពោលគឺភ្ញៀវទេសចរម្នាក់អាចធ្វើដំណើរកម្សាន្ត ឬចូលទស្សនានៅតាមរមណីយដ្ឋាន និងទីកន្លែងនានាលើសពីមួយដង ឬច្រើនទីតាំងក្នុងអំឡុងពេល៣ថ្ងៃនេះ៕