សម្តេចធិបតី គាំទ្រការបន្ថែមរចនាបថខ្មែរលើរូបសំណាក “បាតដៃសុភមង្គល” ដែលកំពុងល្បីនៅខេត្តកំពត

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានគាំទ្រមតិសាធារណជននិងស្នើអភិបាលខេត្តកំពតពិភាក្សាជាមួយក្រសួងវប្បធម៌ដើម្បីបន្ថែមរចនាបថខ្មែរលើរូបសំណាក «បាតដៃសុភមង្គល» ដែលកំពុងល្បី និងបានទាក់ទាញភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តយ៉ាងច្រើនកុះករ ជាពិសេសអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្តាញសង្គមផ្ទាល់ខ្លួន នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចធិបតីបានសរសេរថា «ខ្ញុំសូមគាំទ្រចំពោះការចូលរួមផ្តល់គំនិតដ៏ល្អនេះ។ ខ្ញុំសង្ឃឹមថា ឯកឧត្តម ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត ដែលបានផ្តួចផ្តើមនិងកសាងរូបសំណាក “បាតដៃសុភមង្គល” ជាសមិទ្ធផលទេសចរណ៍ថ្មីមួយទៀតនៅខេត្តកំពត នឹងពិភាក្សាគ្នាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបន្ថែមរចនាបថខ្មែរ ស្របតាមការលើកយោបល់របស់បងប្អូនប្រជាពលរដ្ឋ»។

សូមជម្រាបជូនថា រូបសំណាក “បាតដៃសុភមង្គល” គឺជា រូបសំណាកថ្មី មួយកន្លែង ដែលមានទីតាំងស្ថិតនៅ តំបន់ឆ្នេរថ្មី ក្រុងកំពត ខេត្តកំពត។ ថ្មីៗនេះ ខេត្តកំពតទើបតែបើកឱ្យប្រជាពលរដ្ឋចូលទស្សនារូបសំណាក “បាតដៃសុភមង្គល” ដែលសាងសង់ឡើងពីថ្មកម្ពស់១២ម៉ែត្រ មានកាំជណ្ដើរឡើងសងខាង ខណៈរូបសំណាកបាតដៃថ្មីនេះ សាងសង់នៅតាមដងព្រែកកំពត ចន្លោះស្ពានថ្មី និងស្ពានឥន្ធនូចាស់ ទល់មុខមន្ទីរពេទ្យបង្អែកខេត្តកំពត។ រូបសំណាក់ គឺទទួលបានការចាប់អារម្មណ៍ចូលទស្សនាជាច្រើនកុះករ ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ប៉ុន្តែក្នុងនោះក៏មានការផ្តល់យោបល់ឱ្យមានការបន្ថែមរចនាបទបែបខ្មែរនៅលើរូបសំណាក់មួយនេះ ដើម្បីឱ្យកាន់តែស្អាត និងបង្ហាញអត្តសញ្ញាណខ្មែរទៀតផង៕ អត្ថបទ៖ហ្សាលីន