បុគ្គលមានបំផុតរបស់ជប៉ុន និងកូរ៉េ ជាប់ក្នុងចំណោមអ្នកខាតបង់លុយធំបំផុត ត្រឹមពេលមួយថ្ងៃ

អន្តរជាតិ

លោក Masayoshi Son មហាសេដ្ឋីមានបំផុតនៅប្រទេសជប៉ុន និងលោក Lee Jae Yong មហាសេដ្ឋីកំពូលនៅប្រទេសកូរ៉េខាងត្បូង បានខាតបង់ទ្រព្យសម្បត្តិសរុបជាង ៨ពាន់លានដុល្លារ ក្នុងពេលត្រឹមតែមួយថ្ងៃ កាលពីថ្ងៃអង្គារ ដោយជាប់ក្នុងចំណោមមហាសេដ្ឋីទាំង៥ ដែលខាតបង់ទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យជាក់ស្តែងពីទស្សនាវដ្តី Forbes បានឱ្យដឹងថា លោក Son នាយកប្រតិបត្តិនៃក្រុមហ៊ុនវិនិយោគ SoftBank បានខាតបង់ទ្រព្យសម្បត្តិអស់ ៥,៥ពាន់លានដុល្លារ ដែលជាការធ្លាក់ចុះទ្រព្យសម្បត្តិច្រើនជាងគេក្នុងចំណោមមហាសេដ្ឋីពិភពលោកផ្សេងទៀត។

ទ្រព្យសម្បត្តិសរុបរបស់លោក Son បច្ចុប្បន្នមានចំនួន ៦៤,៣ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះ ៧,៨% បើធៀបនឹងថ្ងៃចន្ទ ដោយឈរនៅលេខរៀងទី៣០ ក្នុងនាមជាអ្នកមានបំផុតលើពិភពលោក។

ទន្ទឹមនឹងនេះ លោក Lee ប្រធានក្រុមហ៊ុន Samsung Electronics បានឃើញទ្រព្យសម្បត្តិរបស់ខ្លួនធ្លាក់ចុះអស់ ២,៨ពាន់លានដុល្លារ ផងដែរក្នុងពេលត្រឹមតែមួយថ្ងៃ។ បច្ចុប្បន្ន លោកមានទ្រព្យសម្បត្តិសរុបប្រមាណ ២៩,៤ពាន់លានដុល្លារ ដោយឈរនៅលេខរៀងទី៨០ លើពិភពលោក។

ចំណែកឯមហាសេដ្ឋីកំពូលផ្សេងទៀតដែលខាតបង់ទ្រព្យសម្បត្តិច្រើនបំផុតផងដែរនោះ សុទ្ធសឹងតែមកពីសហរដ្ឋអាមេរិក។ ក្នុងនោះលោក Larry Ellison ប្រធានក្រុមហ៊ុន Oracle បានខាតបង់ ៤,៤ពាន់លានដុល្លារ លោក Michael Dell ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Dell Technologies ខាតបង់ ៣,៩ពាន់លានដុល្លារ និងលោក Jeff Bezos ប្រធានក្រុមហ៊ុន Amazon បានខាតបង់ទ្រព្យសម្បត្តិអស់ ២,៦ពាន់លានដុល្លារ៕​