ក្រសួងអប់រំកម្ពុជា និងមន្ទីរអប់រំខេត្តជុងឆុងណាមដូ កូរ៉េ ផ្លាស់ប្ដូរបទពិសោធ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យអប់រំ

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Lee Byong-do ប្រធានមន្ទីរអប់រំខេត្តជុងឆុងណាមដូ (Chungcheongnam-do) នៃសាធារណរដ្ឋកូរ៉េ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ និងមានការចូលរួមពីសំណាក់គណៈប្រតិភូកម្ពុជា មន្ត្រី និងភាគីពាក់ព័ន្ធ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងអប់រំ បានឱ្យដឹងថា ​ជំនួបនេះមានគោលបំណងផ្លាស់ប្ដូរបទពិសោធ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យអប់រំ ជាពិសេសលើការលើកកម្ពស់សុខភាពសិក្សា ការកសាងសមត្ថភាពមន្ត្រីអប់រំ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ដែលក្នុងន័យនេះ ភាគីទាំងពីរបានផ្ដោតលើកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួនរួមមាន៖

១. ការជំរុញកិច្ចសហប្រតិបត្តិការរវាងសាលារៀន៖ សម្របសម្រួលតាមរយៈមន្ទីរអប់រំខេត្តជុងឆុងណាមដូ (Chungcheongnam-do) ដើម្បីបង្កើតទំនាក់ទំនង និងកិច្ចសហការដោយផ្ទាល់រវាងសាលារៀននៃភាគីទាំងពីរ ក្នុងការលើកកម្ពស់សុខភាពសិក្សានៅកម្ពុជា។

២. ការកសាងសមត្ថភាពធនធានមនុស្ស៖ ជំរុញការបណ្ដុះបណ្ដាលមន្ត្រីជំនាញផ្នែកសុខភាពសិក្សា នាយកសាលា និងគ្រូបង្រៀន តាមរយៈកម្មវិធីទស្សនកិច្ចសិក្សា ការផ្លាស់ប្ដូរបទពិសោធ និងការចែករំលែកជំនាញក្នុងការអប់រំសុខភាព។

៣. ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល៖ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្សព្វផ្សាយចំណេះដឹងអំពីសុខភាព និងអនាម័យដល់សិស្សានុសិស្ស ស្របតាមកិច្ចសហប្រតិបត្តិការដែលសាធារណរដ្ឋកូរ៉េបាននិងកំពុងគាំទ្រកម្ពុជាលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) និងបច្ចេកវិទ្យាអប់រំ (EdTech)។

​ក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងបទពិសោធល្អៗក្នុងវិស័យអប់រំរបស់ខេត្តជុងឆុងណាមដូ (Chungcheongnam-do) ដែលជាមេរៀន និងបទពិសោធដ៏មានតម្លៃសម្រាប់កម្ពុជាក្នុងការសិក្សា និងអនុវត្តឱ្យសមស្របតាមបរិបទជាក់ស្ដែង។ ជាមួយគ្នានេះ លោកស្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដោយបានលើកឡើងថា កាលពីខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ តបតាមការអញ្ជើញរបស់លោក Yoon Suk Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ព្រមទាំងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត។

​តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកស្រី រដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ តាមរយៈក្រសួងអប់រំ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលបាននិងកំពុងផ្ដល់ការគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ ជាមួយគ្នានេះផងដែរ លោកស្រី រដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណជាថ្មីចំពោះលោកប្រធានមន្ទីរ និងមន្ត្រីពាក់ព័ន្ធចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ព្រមទាំងបានគោរពអញ្ជើញលោកប្រធានមន្ទីរអប់រំខេត្តជុងឆុងណាមដូ អញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងឆ្នាំ២០២៧ ដែលជាឆ្នាំនៃការប្រារព្ធខួបលើកទី៣០ នៃចំណងមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ៕