សម្តេចធិបតី ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី

សង្គម​ និង​សេដ្ឋកិច្ច

នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Sahiba Gafarova ប្រធានរដ្ឋសភា នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ លោកជំទាវប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានសម្តែងនូវក្តីរីករាយក្នុងការស្វាគមន៍សម្តេចធិបតី ព្រមទាំងថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧។ លោកជំទាវបានគូសរំលេចពីទំនាក់ទំនងដ៏ល្អរវាងអាស៊ែបៃហ្សង់ និងកម្ពុជាក្នុងរយៈពេលជាង ៣ទសវត្សរ៍កន្លងមក ដែលស្តែងចេញតាមរយៈកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ទាំងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល សភានិងសភា ក៏ដូចជាគណបក្សនិងគណបក្ស។ ទំនាក់ទំនងនេះឆ្លុះបញ្ចាំងពីមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង ដែលលោកជំទាវរំពឹងថានឹងបន្តជំរុញឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងពីរ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ សម្រាប់ការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនសម្តេច និងគណៈប្រតិភូកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់អំពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយឯកឧត្តមប្រធានាធិបតីអាស៊ែបៃហ្សង់ ដែលបានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ពាណិជ្ជកម្ម និងការវិនិយោគ, នយោបាយ និងការទូត, សន្តិសុខ និងការការពារជាតិ, ការអប់រំ, ទេសចរណ៍ ព្រមទាំងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។ សម្ដេចធិបតីក៏បានសង្កត់ធ្ងន់លើតួនាទីដ៏មានសារៈសំខាន់របស់ស្ថាប័នសភា ក្នុងការពង្រឹងទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមក ហើយបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់កម្រិតឱ្យកាន់តែស៊ីជម្រៅ ដើម្បីទាញយកសក្ដានុពលពេញលេញពីទំនាក់ទំនងទ្វេភាគី សម្រាប់ជាផលប្រយោជន៍រួមដល់ប្រទេស និងប្រជាជនទាំងសងខាង៕