ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្ដល់នូវឱកាសការងារក្នុងស្រុកសរុបចំនួន ៩០,៨២៤ កន្លែង នៅទូទាំង ២៥ រាជធានី-ខេត្ត គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ដើម្បីជួយសម្រួល និងឆ្លើយតបចំពោះតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករដែលទើបវិលត្រឡប់មកពីក្រៅប្រទេសវិញ។

ក្នុងចំណោមឱកាសការងារសរុបជាង ៩ម៉ឺនកន្លែងនេះ រាជធានី-ខេត្ត ដែលមានតម្រូវការកម្លាំងពលកម្មច្រើនជាងគេរួមមាន៖ រាជធានីភ្នំពេញ ២៥,១៧៣ កន្លែង, ខេត្តកំពង់ស្ពឺ ២០,១៩៥ កន្លែង, ខេត្តកណ្តាល ១៤,៦១៦ កន្លែង, ខេត្តតាកែវ ១០,៣៨៩ កន្លែង, ខេត្តកំពង់ឆ្នាំង ៥,៧២៧ កន្លែង, ខេត្តស្វាយរៀង ៤,៣១៣ កន្លែង, ខេត្តរតនគិរី ៣,២៤៩ កន្លែង, ខេត្តកំពង់ចាម ១,៥៨០ កន្លែង,ខេត្តក្រចេះ ១,៤៦៥ កន្លែង។
ដោយឡែក បណ្តាខេត្តដទៃទៀតក៏មានតម្រូវការការងារយ៉ាងច្រើនកុះករផងដែរ រួមមាន ខេត្តស្ទឹងត្រែង ៦០១ កន្លែង, បាត់ដំបង ៥៨៩ កន្លែង, កំពង់ធំ ៥៦៩ កន្លែង, ព្រះសីហនុ ៥៣៩ កន្លែង, កោះកុង ៤៥១ កន្លែង, ពោធិ៍សាត់ ២៦២ កន្លែង, កំពត ២៥៤ កន្លែង, ព្រះវិហារ ២៣១ កន្លែង, មណ្ឌលគិរី ១៥៥ កន្លែង, ឧត្តរមានជ័យ ១០៦ កន្លែង, ត្បូងឃ្មុំ ៩៩ កន្លែង, សៀមរាប ៨២ កន្លែង, ព្រៃវែង ៦៨ កន្លែង, បន្ទាយមានជ័យ ៥១ កន្លែង, កែប ៣២ កន្លែង និងខេត្តប៉ៃលិន ចំនួន ២៨ កន្លែង។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋ និងអតីតពលករដែលមានបំណងចង់ទទួលបានឱកាសការងារ ឬចង់ទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ អាចទាក់ទងមកកាន់លេខទូរស័ព្ទទាន់ហេតុការណ៍ (Hotline) ឥតគិតថ្លៃ ១២៩៧ ឬប្រើប្រាស់ប្រព័ន្ធជំនួយការស្វែងរកការងារ និងរៀនជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានការប្រឹក្សា និងការផ្សារភ្ជាប់ទៅកាន់ឱកាសការងារជាក់ស្តែងភ្លាមៗ៕




