សម្តេចធិបតី ៖ វគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូង និងជាការកំណត់ស្តង់ដារសម្រាប់កងទ័ពកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦ គឺជាការអនុវត្តដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា និងកងយោធពលខេមរភូមិន្ទ ដែលនឹងក្លាយជាការចាប់ផ្តើមដ៏ល្អប្រសើរ និងជាការរៀបចំកំណត់នូវស្តង់ដាររឹងមាំសម្រាប់វគ្គបន្តបន្ទាប់ទៅអនាគត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការថ្លែងគូសបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦ នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាហ្វឹកហ្វឺនបញ្ជាការដ្ឋានកោះឆ្នេរ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានថ្លែងនូវការកោតសរសើរយ៉ាងក្រៃលែងចំពោះយុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាទាំងអស់ ព្រមទាំងក្រុមគ្រួសារ ដែលបានបង្ហាញនូវភាពក្លាហាន ឆន្ទៈមោះមុត ស្មារតីភ្ញាក់រលឹក និងការទទួលខុសត្រូវខ្ពស់ក្នុងនាមជាពលរដ្ឋស្ម័គ្រចិត្តបម្រើមាតុភូមិគ្រប់កាលៈទេសៈ។

សម្តេចធិបតី បានលើកឡើងដោយផ្អែកលើរបាយការណ៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការជាតិកាតព្វកិច្ចយោធា ថា ក្រោមការដឹកនាំសម្របសម្រួលរបស់គណៈកម្មការជាតិ គ្រប់សាលាពលទាហានទាំងអស់បានសហការរៀបចំវគ្គដំបូងនេះឡើងប្រកបដោយស្មារតីបុរេសកម្ម និងអន្តរសកម្ម ធ្វើឱ្យការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាដំណើរការទៅយ៉ាងរលូនតាមការគ្រោងទុក។

ទន្ទឹមនឹងនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ថ្នាក់ដឹកនាំ និងមន្ត្រីនៃគណៈកម្មការជាតិ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ខ្សែបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង និងកងរាជអាវុធហត្ថទូទាំងប្រទេស ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធតាមអភិក្រម «ចីរភាពនៃប្រព័ន្ធតួអង្គតែមួយ» រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

សម្តេចធិបតី បានសង្កត់ធ្ងន់បន្ថែមថា ការអនុវត្តកាតព្វកិច្ចយោធានេះ គឺជាយុទ្ធសាស្ត្ររយៈពេលវែងរបស់រាជរដ្ឋាភិបាល ក្នុងការកសាងមូលធនមនុស្សក្នុងវិស័យការពារជាតិ ជាពិសេសការដុសខាត់បញ្ញាស្មារតីរបស់យុវជន ដែលជាធនធានមិនចេះរីងស្ងួត ឱ្យចេះស្រឡាញ់មាតុភូមិ គោរពច្បាប់ មានវិន័យ និងត្រៀមខ្លួនជាស្រេចដើម្បីបម្រើជាតិ។

ជាចុងក្រោយ សម្តេចធិបតី បានអះអាងប្រកបដោយជំនឿទុកចិត្តថា យុវជនដែលឆ្លងកាត់ការហ្វឹកហ្វឺននេះ នឹងទទួលបានបទពិសោធន៍ដ៏មានតម្លៃលើការគ្រប់គ្រងខ្លួនឯង ការគោរពពេលវេលា ការដោះស្រាយបញ្ហាជាក់ស្តែង ភាតរភាពក្នុងការរស់នៅរួមគ្នា និងភាពជាអ្នកដឹកនាំ ដែលជាមូលដ្ឋានគ្រឹះក្នុងការប្រែក្លាយពួកគេទៅជាខឿនការពារជាតិដ៏រឹងមាំបំផុតសម្រាប់ប្រទេសកម្ពុជា៕