សម្ដេចធិបតី៖ កាតព្វកិច្ចយោធា ផ្ដល់អាទិភាពលើអ្នកស្ម័គ្រចិត្ត បើមិនគ្រប់នឹងចាប់បង្ខំតាមច្បាប់

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនឹងផ្តល់សិទ្ធិអាទិភាពខ្ពស់បំផុតជូនដល់យុវជនដែលស្ម័គ្រចិត្តចូលរួមបំពេញកាតព្វកិច្ចយោធាមុនគេ ប៉ុន្តែក្នុងករណីចំនួនអ្នកស្ម័គ្រចិត្តមិនទាន់គ្រប់តាមតម្រូវការជាក់ស្តែងទេនោះ វិធានការចាប់បង្ខំស្របតាមច្បាប់នឹងត្រូវយកមកអនុវត្តជាធរមាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦ នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាហ្វឹកហ្វឺនបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សម្តេចធិបតី បានអំពាវនាវដល់យុវជនដែលមានបំណងចង់ចូលរួមបម្រើជាតិក្នុងជួរកងទ័ពដោយការស្ម័គ្រចិត្ត ត្រូវប្រញាប់រួសរាន់ដាក់ពាក្យឱ្យបានទាន់ពេលវេលា ដោយសារតែយោធាស្រុកមិនបើកទទួលពាក្យជាប្រចាំពេញមួយឆ្នាំនោះទេ ពោលគឺកំណត់រយៈពេលខ្លីត្រឹមតែ ៥ ទៅ ១០ថ្ងៃប៉ុណ្ណោះសម្រាប់ការដាក់ពាក្យ និងបន្តនីតិវិធីចុះឈ្មោះជាបន្តបន្ទាប់។

ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមថា ការបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ នាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពិសេស ដែលត្រូវបានជ្រើសរើសធ្វើឡើងចំថ្ងៃទី៩ ខែវិច្ឆិកា ស្របពេលខួបឯករាជ្យជាតិ និងខួបកំណើតកងយោធពលខេមរភូមិន្ទ បន្ទាប់ពីច្បាប់កាតព្វកិច្ចយោធាត្រូវបានផ្តួចផ្តើមគិតគូរតាំងពីឆ្នាំ២០០០ ប្រកាសជាច្បាប់នៅឆ្នាំ២០០៦ និងបានឆ្លងកាត់ការធ្វើវិសោធនកម្មឱ្យស្របតាមស្ថានការណ៍ជាក់ស្តែង រហូតឈានដល់ការចាប់ផ្តើមអនុវត្តពេញលេញជាផ្លូវការនៅឆ្នាំ២០២៦ នេះ៕