កម្ពុជា-បែលហ្សិក ពិនិត្យលទ្ធភាពចុះ MoU ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ត្រៀមរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip)

សង្គម​ និង​សេដ្ឋកិច្ច

ចំនួនភ្ញៀវទេសចរបែលហ្សិកមកទស្សនាកម្ពុជា និងវិនិយោគិនបែលហ្សិកក្នុងវិស័យបដិសណ្ឋារកិច្ច បានកើនឡើងគួរឱ្យកត់សំគាល់ ដែលជាកត្តាជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសលើការពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់ (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះជាការលើកឡើងរបស់ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងជំនួបជាមួយ លោក Michel Parys ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្របែលហ្សិកប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។

ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់ស៊ីជម្រៅលើការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ព្រមទាំងការចូលរួមព្រឹត្តិការណ៍អមភូមិហ្រ្វង់កូហ្វូនី (Village Francophonie) ដែលរៀបចំក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វនីលើកទី២០ នៅរាជធានីភ្នំពេញ។

លោក ហួត ហាក់ បានលើកឡើងថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសន្តិភាព សុវត្ថិភាព និងបដិសណ្ឋារកិច្ចកក់ក្តៅសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដោយមានយុទ្ធនាការ «Cambodia: Kingdom of Wonder, Feel the Warmth» និង «ទស្សនាកម្ពុជា នារដូវបៃតង» ដើម្បីជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើន។

លោកបន្តថា ចំនួនភ្ញៀវទេសចរបែលហ្សិកមកទស្សនាកម្ពុជា និងវិនិយោគិនបែលហ្សិកក្នុងវិស័យបដិសណ្ឋារកិច្ចបានកើនក្នុងចំនួនគួរឱ្យកត់សំគាល់ ដែលជាកត្តាជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសលើការពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់ (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ក្រុមហ៊ុនទេសចរណ៍ អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ការរៀបចំវេទិកាវិនិយោគទេសចរណ៍កម្ពុជា–បែលហ្សិក និងការជំរុញកិច្ចសហការរវាងធុរកិច្ចនៃប្រទេសទាំងពីរ (B2B) ដើម្បីទាក់ទាញការវិនិយោគ និងបង្កើនលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ។

ជាការឆ្លើយតបឯកអគ្គរាជទូត បានគូសបញ្ជាក់ដូចគ្នាពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អរវាងកម្ពុជា និងបែលហ្សិកលើវិស័យជាច្រើនរួមទាំងការវិនិយោគរបស់ពលរដ្ឋបែលហ្សិក ព្រមទាំងវត្តមានប្រជាជនបែលហ្សិកនៅកម្ពុជា។ ក្នុងឱកាសដែលកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នាខែវិច្ឆិកាខាងមុខ លោកឯកអគ្គរាជទូត ក៏បានបញ្ជាក់ពីការចូលរួមរបស់រាជរដ្ឋាភិបាលបែលហ្សិកជាមួយប្រតិភូសំខាន់ៗ នឹងចូលរួមក្នុងព្រឹត្តការណ៍អម គឺភូមិភូមិហ្រ្វង់កូហ្វូនី (Village Francophonie) ខាងមុខនេះ ដែលក្រសួងទេសចរណ៍ទទួលបន្ទុករៀបចំ។

គួរបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្របែលហ្សិក បានបង្កើតទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥៥ និងបានចាប់ផ្តើមភ្ជាប់ជាថ្មីនៅឆ្នាំ១៩៩២ ដែលមានរយៈពេលជាង៣៤ឆ្នាំហើយ៕