ក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្ម ហាងចូវ យូកូវយួន លីមីតធីត ស្ថិតនៅទីក្រុង ហាំងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន មានបំណងមកវិនិយោគបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តក្រចេះ ខណៈក្រុមហ៊ុនក៏បានស្នើសុំការគាំទ្រពីថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនូវលក្ខខណ្ឌអនុគ្រោះមួយចំនួនផងដែរ។

ការបង្ហាញពីបំណងរបស់ក្រុមហ៊ុន ក្នុងឱកាស លោក រស់ សូដែន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំក្រុមការងារនៃនាយកដ្ឋានកសិឧស្សាហកម្ម ទៅទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី២២-២៥ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីជំរុញ និងស្រូបទាញអ្នកវិនិយោគចិនលើការកែច្នៃនៃវិស័យឧស្សាហកម្មស្វាយចន្ទីកម្ពុជាឱ្យកាន់តែរីកចម្រើន។
ជាលទ្ធផលក្រោយពីទស្សនកិច្ច និងពិភាក្សាគ្នា ភាគីក្រុមហ៊ុន និងប្រតិភូកម្ពុជា បានឯកភាពគ្នា ដោយក្រុមហ៊ុនមានបំណងក្នុងការមកវិនិយោគបង្កើត រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតែម្ដងនៅខេត្តក្រចេះ។ លើសពីនេះ ក្រុមហ៊ុន នឹងលើកកម្ពស់ស្វាយចន្ទីកម្ពុជា ជាម៉ាកស្វាយចន្ទីសរីរាង្គតាមរយៈការប្រមូលទិញគ្រាប់ស្វាយចន្ទីកម្ពុជាដោយផ្ទាល់យកមកកែច្នៃនៅប្រទេសចិន ដើម្បីនាំចេញ ទៅកាន់ទីផ្សារអឺរ៉ុប ជប៉ុន និងទីផ្សារក្នុងស្រុកតែម្ដង។

បន្ថែមពីលើនេះ ក្រុមហ៊ុននឹងជួលក្រុមហ៊ុនទី៣ ដើម្បីទៅប្រទេសកម្ពុជាធ្វើការចុះសិក្សា ពិនិត្យ និងវាយតម្លៃអំពីអនុលោមភាពស្វាយចន្ទីសរីរាង្គ (ទាំងស្វាយចន្ទីពូជ M23 និងពូជប្រពៃណី) នៅតាមបណ្ដាខេត្តមួយចំនួនដូចជាខេត្តរតនគីរី, ស្ទឹងត្រែង, ក្រចេះ, កំពង់ចាម, កំពង់ធំ, សៀមរាប និងខេត្តព្រះវិហារជាដើម នៅអំឡុងខែសីហា ឆ្នាំ២០២៦ ខាងមុខឆាប់ៗនេះ។

ប្រតិភូកម្ពុជា បានគាំទ្រដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនចិនមកកាន់ប្រទេសកម្ពុជាក្នុងគោលបំណងមកធ្វើការសិក្សា និងវាយតម្លៃលើស្វាយចន្ទីសរីរាង្គនៅកម្ពុជា និងលើកសំណើនេះជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្នើសុំគោលការណ៍ជូននាយកដ្ឋានកសិឧស្សាហកម្មចូលរួមសម្របសម្រួលឱ្យបានសម្រេចជោគជ័យតាមផែនការ។
សូមជម្រាបដែរថា ដំណាំស្វាយចន្ទី គឺជាកសិផលដ៏សំខាន់ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា។កម្ពុជាបានដាក់ចេញ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» កាលពីថ្ងៃ ១៤ ខែមិថុនា ឆ្នាំ២០២៣ ដែលគោលនយោបាយនេះនឹងក្លាយជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី ការនាំចេញ ដើម្បីជំរុញឱ្យកម្ពុជាឈានទៅជាអធិរាជស្វាយចន្ទី នៅលើពិភពលោក៕


